ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងក្រុមគ្រួសារ ចូលរួមរាប់បាត្រ ក្នុងបិណ្ឌវេនទី៦ នៅវត្តឱង្ការ ស្រុកអង្គស្នួល


នៅទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ហ៊ុន គឹមឡេង ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីរាប់បាត្រ វេរភត្តាហារ ប្រគេនព្រះសង្ឃបង្សុកូលជាកិច្ចបញ្ចប់ពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តឱង្ការ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធនូវពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅតាមទីវត្តអារាម ដោយធ្វើជាចង្ហាន់រាប់បាត្រប្រគេនព្រះសង្ឃ។ ពិធីបុណ្យដែលធ្វើ តាមទំនៀមពីដូនតាមកនេះ ត្រូវបានដក់ជាប់ ក្នុងគំនិតប្រជាពលរដ្ឋខ្មែរតជំនាន់មកថា វាជាពិធី ដើម្បីឧទ្ទិសកុសល្យជូនទៅដល់ដូនតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅ។

ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានចែកចេញជាពីរគឺ ទី១៖ ជារយៈពេលនៃការកាន់បិណ្ឌ ចាប់ពីថ្ងៃទី១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៤រោច ដោយប្រជាពលរដ្ឋខ្មែរ តែងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ, ទី២៖ ថ្ងៃចុងក្រោយ គឺថ្ងៃ១៥រោច ដែលជាថ្ងៃភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ តែងធ្វើការជួបជុំគ្នាដើម្បីឆ្លងនូវសធាជ្រះថ្លា ដែលបានថ្វាយទានចំពោះ ភិក្ខុ សង្ឃ ក្នុងរយៈពេល១៤ថ្ងៃកន្លងមក។

ខ្មែរយើង គឺជាជនជាតិមួយ ដែលមានការ ដឹងគុណចំពោះបុគ្គល ដែលបានធ្វើឧបការៈដល់ខ្លួន ពោលគឺអ្នកកាន់ព្រះពុទ្ធសាសនា ប្រកាន់យកគោលការណ៍ នៃការដឹងគុណ ហើយការដឹងគុណនេះ មិនមែននិយាយត្រឹម តែដូនតា ឬក៏ញាតិមិត្តរបស់ខ្លួនទេ គឺជាការដឹងគុណតាំងពីធម្មជាតិ ដឹងគុណពីអ្នកដទៃបើ មិនជាប់ជាញាតិរបស់ខ្លួន យ៉ាងណាក៏ដោយប៉ុន្តែសម្តែងនូវទឹកចិត្តដឹងគុណ ដែលហៅថា កតញ្ញូតាធម៌ ទើបមានការឈានទៅធ្វើពិធីទាំងអស់នេះបាន ព្រោះបើយើងអត់មានកតញ្ញូនៅ ក្នុងចិត្តទេ គឺមិនអាចទៅធ្វើពិធីបុណ្យនេះបានទេ។

និយាយជារួមមក ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូនតាខ្មែរ បានប្រារព្ធធ្វើឡើងក្នុងគោលបំណង បង្រៀនទៅដល់កូនចៅ ឱ្យដឹងអំពីកំណើតចេះ គោរពដឹងគុណ និងមានកតញ្ញូធម៌។ យើងជាជនជាតិខ្មែរ ត្រូវស្គាល់អំពីកំណើត និងការ ដឹងគុណ។ «សូមចូលរួមចំណែកដើម្បីរក្សាវប្បធម៌ជាតិយើង ពិសេសបំផុតគឺបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីក្លាយជាអ្នកបន្តវេណជំនាន់ក្រោយទៀត រក្សាតម្លៃដ៏ពិសិដ្ឋ នៃកតញ្ញូធម៌»៕