ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ អញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌវេនទី៧ នៅស្រុកអូរជ្រៅ


ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ ឧកញ៉ា​ អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជេីញកម្មវិធីកាន់បិណ្ឌវេទី៧ នៅវត្តកោះស្តីយាង ស្ថិតនៅភូមិយាងដង្គំ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងដួងវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធមិត្តដ៏អង់អាចក្លាហានហ៊ានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសនោះឯកឧត្តម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក កោតសសើរ លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីកម្ពុជា និងជូនដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកស្រុកអរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានេះឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ បង្កើតស្មារតីជាតិនិយម ជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ពិសេសអាជ្ញាធរស្រុកអូរជ្រៅ ត្រូវបន្តធ្វើការក្តាប់សភាពការណ៍សន្តិសុខតាមព្រំដែនឲ្យបានជាប់ជាប្រចាំសហការជាមួយប្រជាពលរដ្ឋរក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត។

ក្នុងឱកាសនោះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន និងលោកស្រី បាននាំយកបច្ច័យប្រគេនដល់ព្រះសង្ឃ និងបច្ច័យកាន់បិណ្ឌដល់វត្តជាប់ព្រំដែនចំនួន៦ និងអំណោយផ្ដល់ជូនដល់លោកតា លោកយាយ អាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋវ័យចាស់ ប្រជាការពារ និងអ្នកចូលរួមក្នុងពិធីកាន់បិណ្ឌ៧នោះ ព្រមទាំងប្រជាពលរដ្ឋរងគ្រោះដោយសារថៃរាយបន្លាលួស និងព័ទ្ធយកដីនៅភូមិជោគជ័យ ព្រៃចាន់ សរុបរួមជាថវិកាជាង ៦៣លានរៀល៕