រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា


ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីរៀបចំពិធីអបអរសារទរទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជាក្រោមប្រធានបទ «ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិ ដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល» នៅឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ពិធីនេះដែរមានជនជាតិដើមភាគតិចចំនួន ៣សហគមន៍ គឺជនជាតិដើមភាគតិចព្រៅ មានប្រមាណ ១០០គ្រួសារ រស់នៅភូមិកាតូ ឃុំកំភុន បងប្អូនជនជាតិដើមភាគតិច ភ្នង រស់នៅឃុំក្បាលរមាស និងបងប្អូនជនជាតិដើមភាគតិច គ្រឹង រស់នៅភូមិរំពាត់ ឃុំតាឡាត ស្រុកសេសាន។

ថ្លែងក្នុងពិធីអបអរសារទរនោះ ឯកឧត្តម សរ សុពុត្រា បានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះគឺពិតជាការបញ្ជាក់អំពីការរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃ នៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ រស់រវើក និងក៏ជាឱកាសក្នុង ការប្រមូលផ្តុំទស្សនៈ ដែលជាគន្លឹះសម្រាប់ជួយអភិវឌ្ឍន៍ជូនជនជាតិដើមភាគតិច ហើយក៏ជាសក្ខីភាពមួយបង្ហាញ ពីការយកចិត្តទុកដាក់ ដល់បងប្អូនជនជាតិដើមភាគតិច ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងសេចក្ដីសោមន្ស និងអបអរសាទរក្នុងទិវាប្រកបដោយអត្ថន័យនេះ ព្រមទាំងបានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសដដែលអំពាវដល់អាជ្ញាធរស្រុកនិងមូលដ្ឋានក្នុងតំបន់នោះ ឱ្យរៀបចំពិធីប្រពៃណីបងប្អូនជនជាតិដើមឡើងវិញ ដើម្បីអភិរក្សទំនៀមទម្លាប់នេះជាប្រពៃណីដ៏ល្អផូរផង់ នៃប្អូនជនជាតិភាគតិច៕