អភិបាលខេត្តពោធិ៍សាត់ នាំអំណោយមនុស្សធម៌របស់ប្រជាជនក្នុងខេត្ត និងសប្បុរសជន ចុះចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខជិត ២០០គ្រួសារ នៅទីបញ្ជាការវរសេនាតូច១៤១


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន មកចែកជូនដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ ចំនួន១៩៣គ្រួសារ នៅទីបញ្ជាការវរសេនាតូចលេខ១៤១ នៃកងពលតូចអន្តរាគមន៍លេខ១៤។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជម្រាបពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះគ្រួសារវីរកងទ័ពជួរមុខ ដែលកំពុងមានវត្តមាននៅទីនេះ។

ឯកឧត្តមបានបន្តថា ពិតណាស់ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ បានធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។ ជាមួយគ្នានោះយើងក៏ចង់បង្ហាញអន្តរជាតិឱ្យបានឃើញថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយក៏មិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា បើទោះបីជាបងប្អូនវីរកងទ័ពជួរមុខ បាននឹងកំពុងបំពេញបេសកកម្ម លះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិយើងក៏ពិតមែន ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមរដ្ឋបាលខេត្ត លោកនៅតែបន្តយកចិត្តទុកដាក់ លើកកម្ពស់ជីវភាពរស់នៅ របស់គ្រួសារវីរកងទ័ព តាមរយៈការចុះសួរសុខទុក្ខ ផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ពោលគឺមិនទុកឱ្យគ្រួសារវីរកងទ័ព មានការលំបាកឡើយ។ហេតុដូច្នេះ សូមឱ្យគ្រួសារកងទ័ព ដែលនៅសមរភូមិក្រោយ បន្តផ្តាំផ្ញើទៅខាងមុខ តាមគ្រប់មធ្យោបាយ ឱ្យពួកគាត់បានដឹង កុំមានការព្រួយបារម្មណ៍ និងសូមថែរក្សាសុខភាព រស់នៅស្អាត មានអនាម័យ ព្រមទាំងខិតខំថែរក្សាការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងសត្រូវឈ្លានពានសៀម។

អំណោយមនុស្សធម៌ របស់ប្រជាជនក្នុងខេត្តពោធិ៍សាត់ និងសប្បុរសជន មកចែកជូនដល់បងប្អូនគ្រួសារវីរកងទ័ពជួរមុខ ទាំង១៩៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេសតូច, ទឹកត្រី ឬទឹកស៊ីអ៊ីវ១យួរ និងថវិកា៥ម៉ឺនរៀល។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចែករំលែកថវិកា ជូនដល់កងទ័ព ដែលប្រចាំការផ្ទាល់ នៅទីតាំងនោះផងដែរ៕