សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូនលោកជំទាវ កាវ ស៊ីថា និងក្រុមគ្រួសារនៃសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ នាយរងសេនាធិការចម្រុះ អគ្គបញ្ជាការ និងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាដ៏សែនក្តុកក្ដួលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីនៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេកជាមួយនិងលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក និងញាតិសន្តានជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ដ៏ល្អប្រពៃថ្លៃថ្លា។ ការលាចាកលោកនាពេលនេះ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ ជាការបាត់បង់ឥស្សរជនមានសមត្ថភាព និងគុណតម្លៃខ្ពស់មួយរូប ដែលបានបំពេញបេសកកម្មបម្រើជាតិ មាតុភូមិ និងមនុស្សជាតិ ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ជាពិសេសក្នុងការអនុវត្តភារកិច្ចដ៏ឧត្តុង្គឧត្តមក្នុងការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនានាប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕