ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន២ ក្នុងខេត្តកំពង់ឆ្នាំង


នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ រួមជាមួយលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញកាន់បិណ្ឌ វេនទី៨ នៅវត្តចំនួន២ ដែលស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលវត្តទី១ មានឈ្មោះថាវត្តភ្នំទស្សពិត ស្ថិតនៅក្នុងក្នុងភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ និងវត្តទី២ គឺវត្តសុវណ្ណពុទ្ធារាម ហៅវត្តដំរីស ស្ថិតនៅក្នុងភូមិឆកណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

នៅក្នុងពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូរួមដំណើរ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងដារពិស្ដាររាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទិសមហាកុសលជូនចំពោះវិញ្ញាណក្ខន្ធញ្ញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី។

ឆ្លៀតក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាលដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅ និងពរសព្វសាធុការ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ជូនព្រះសង្ឃ លោកយាយ លោកតា និងពុទ្ធបរិស័ទទាំងអស់ ដែលបានអញ្ជើញមកក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ ព្រមទាំងបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ឱ្យបន្តជឿជាក់លើថ្នាក់ដឹលនាំកំពូលរបស់យើងដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសឯកនៃសន្តិភាព និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្យ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ដោយឡែក ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕⁩