ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសឱ្យចូលកាន់មុខតំណែងអភិបាលរងខេត្តពោធិ៍សាត់


ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី ជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់​។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំថ្មីសាលាខេត្ត ដោយការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មី នៃខេត្តពោធិ៍សាត់​។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក គិត សុផា និងលោក សាយ សុជាតិ ដែលត្រូវបានផ្ទេរភារកិច្ច កាលពីពេលថ្មីៗនេះ ក្នុងអាណត្តិការងារ ជាអភិបាលរងខេត្តពោធិ៍សាត់កន្លងមក ដោយបានខិតខំយកចិត្តទុកដាក់ បំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ស្របតាមការបែងចែក តួនាទីភារកិច្ច របៀបរបបធ្វើការងារ ក្នុងជួរគណៈអភិបាលខេត្ត និងតាមការប្រគល់ភារកិច្ច ពីថ្នាក់ដឹកនាំខេត្ត ចូលរួមចំណែក ធ្វើឱ្យរដ្ឋបាលខេត្ត សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ទាំងក្នុងកិច្ចការអភិវឌ្ឍ ការកៀរគរការវិនិយោគ និងការដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរ និងមានសេចក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំថា លោក ញឹក បានខេង និងលោក អ៊ុយ សុធាវី ដែលត្រូវប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងថ្មី នៃខេត្តពោធិ៍សាត់ នឹងអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង។

ជាមួយគ្នានោះ ឯកឧត្តម ប៊ុន ហុន សូមស្នើដល់លោកអភិបាលរងថ្មីទាំង២ ត្រូវចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ជាពិសេស ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរជាក់ស្តែងពិតប្រាកដ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

យោងអនុក្រឹត្យលេខ​ ៦០១ អនក្រ.តត​ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២៥​ ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការ ចំនួន២រូប រួមមាន៖
ទី១៖ លោក ញឹក បានខេង ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលរងខេត្តកំពង់ធំ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់។
ទី២៖ លោក អ៊ុយ សុធាវី ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងខេត្តបាត់ដំបង ឱ្យទៅកាន់មុខតំណែងជាអភិបាលរងខេត្តពោធិ៍សាត់៕