លោកជំទាវបណ្ឌិត ជា សិរី ចូលរួមបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន២ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ


លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក និងក្រុមការងារចុះបណ្តាឃុំផ្សេងៗទូទាំងស្រុក នៅថ្ងៃថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី៩ ក្នុងវត្តចំនួនពីរនៅស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធីកាន់បិណ្ឌទី៩នេះ លោកជំទាវបណ្ឌិត ជា សិរី បានចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តកំពង់ថ្ម និងវត្តសង់ឃ្លាំង ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ តាមទំនៀមទម្លាប់បែបសាសនា។

ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងការឧទ្ទិសកុសលផលបុណ្យ ដល់ដួងវិញ្ញាណក្ខន្ធអ្នកដែលបាក់បែកចែកឋាន។

លោកជំទាវបណ្ឌិត ជា សិរី ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងបុព្វការីជន ទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែល បានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿង អស់កាលជាអង្វែងតរៀងទៅ។

នៅក្នុងថ្ងៃកាន់បិណ្ឌទី៩នេះ លោកជំទាវបណ្ឌិត ជា សិរី បានប្រគេនបច្ច័យមួយចំនួន ដល់វត្តទាំងពីរ គឺវត្តកំពង់ថ្ម និងវត្តសង់ ឃ្លាំង សម្រាប់ទុកកសាងសមិទ្ធផលនានា ក្នុងវត្តទាំងពីរខាងលើ ដើម្បីចូលរួមដល់ការរីកចម្រើននៅក្នុងវិស័យពុទ្ធចក្រនៃកម្ពុជា។

សូមជម្រាបថា, ពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធ សាសនា ដែលជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃដល់ខែ ដែលត្រូវប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូន-កូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល យក ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម, ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នារបស់ជនជាតិខ្មែរជាយូរមកហើយ៕