អភិបាលខេត្តពោធិ៍សាត់ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយផ្តោតសំខាន់ លើកិច្ចការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយផ្តោតសំខាន់ លើកិច្ចការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ឯកឧត្តម ខូយ រីដា បាន​ថ្លែងការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​កន្លង​មក​បាន​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង បំពេញការងារ​ប្រកបដោយ​ការ​ទួល​ខុស​ត្រូវ​ខ្ពស់ និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ជា​ពិសេស​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​សមធម៌ យុត្តិធម៌ តម្លាភាព និង​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង ក៏​ដូច​ជា​សំណូមពរ​នានា​របស់​ប្រជាជន ស្រប​ទៅ​នឹង​គោលនយោបាយ​ ​របស់​រាជរដ្ឋាភិបាល។

ឯកឧត្តមបាន​មាន​ប្រសាសន៍​ជម្រុញ និង​លើកទឹកចិត្ត ដល់​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង ​យកចិត្តទុកដាក់ ​បន្ត​លើ​ការ​ងារថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ ភូមិ ​ឃុំ សង្កាត់ មាន​សុវត្ថិភាព។

ជាមួយគ្នានោះ ឯកឧត្តមបានណែនាំដល់រដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាព ត្រូវរៀបចំសម្អាត និងធ្វើការផ្លាស់ប្តូរ រូបសម្តេច ឬរូបឥស្សរជនសំខាន់ៗ ដែលចាស់រហែក ដោយត្រូវដាក់ជំនួសរូបថ្មីវិញ។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គ្រឿងញៀន និងអនាម័យបរិស្ថាន ត្រូវតែបង្ក្រាប និងធ្វើឱ្យបានស្អាតល្អ ដោយត្រូវដាក់សារបន្ទាន់មួយ ដល់រដ្ឋបាលឃុំសង្កាត់ ក្រោយពីកិច្ចប្រជុំនេះ។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ ផ្អែកលើរបាយការណ៍ពីថ្នាក់ជាតិ បានឱ្យដឹងថា មានទីតាំងល្បែងស៊ីសងយូគី និងឡូតូ ក្នុងមូលដ្ឋានក្រុងពោធិ៍សាត់ ត្រង់ចំណុចនេះត្រូវបន្តទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់។ លោកបានបន្ថែមថា ដោយស្ថានភាពព្រំដែនមិនអំណោយផល សម្រាប់ពិធីបុណ្យអំទូកឆ្នាំនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មិនបានប្រារព្ធនោះទេ ពោលចំពោះមន្ទីរអង្គភាព ឬវត្តអារាមណា ដែលចង់ប្រារព្ធ ឬប្រណាំងគ្នាលេង អាចបើកឱ្យលេងបានជាធម្មតា។

ឯកឧត្តមក៏សូមស្នើដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះពិនិត្យតាមដាន ការងារបង្កបង្កើនផលស្រូវ របស់កសិករយើង។ ដោយឡែកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងត្រៀមប្រុងជើងការ ឱ្យបានជាប់ជាប្រចាំ៕