ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញរាប់បាត្រ បង្សុកូលបិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម ខណ្ឌព្រែព្នៅ


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា និងក្រុមគ្រួសារ ព្រមទាំងអភិបាលរង រួមជាមួយនិងសមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំអភិបាល និងអភិបាលរងខណ្ឌទាំង១៤ មន្ត្រី និងមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញក្នុងពិធីកាន់បិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ព្រមទាំងអភិបាលរងរាជធានីភ្នំពេញ រួមជាមួយនិងសមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និងញាតិកាលទាំង៧សណ្តាន ដែលបានបែកកាយ រំលាយឋានទៅកាន់បរលោកខាងមុខនិងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពាន។

ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យព្រះពុទ្ធចក្រ ក៏មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៣នាព្រឹកថ្ងៃទី២០ ខែកញ្ញានេះ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានវេប្រគេននូវទ័យវត្ថុ និងគ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ និងប្រគេនដល់វត្ត ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាម នៃវត្តប្រសិទ្ធីរីម្នារាមនេះ៕