ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ សម្រេចបាននៅក្នុងរយៈពេល១ឆ្នាំ ចាប់តាំងពីការចូលកាន់ដំណែងរបស់ឯកឧត្តម ហួត ហាក់ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ព្រមទាំងដាក់ចេញនូវទិសដៅការងារអនុវត្តបន្ត។
កិច្ចប្រជុំនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង និវត្តន៍ជន ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ និងសមាជិកបក្សក្រសួងទេសចរណ៍ ទាំងអស់សរុបប្រមាណជាង ៦០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមបានលើកឡើងថា ការងារគណបក្ស និងការងាររដ្ឋត្រូវដើរទន្ទឹមគ្នា ដោយមានគណបក្សប្រជាជនកម្ពុជា មានថ្ងៃរំដោះ៧មករា មានគោលនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ ដែលនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីទើបមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ រាប់ទាំងសមិទ្ធផល និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍ដែលបានចូលរួម នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហួត ហាក់ បន្តថា សមិទ្ធផលក្នុងវិស័យរបស់យើងនាពេលបច្ចុប្បន្ន គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ គ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមដឹកនាំ ការចាត់តាំងអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញ ដោយបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈ សព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា សមាជិកបក្សត្រូវយល់ដឹងឱ្យបានច្បាស់អំពី ប្រវត្តិលក្ខន្តិកៈគណបក្ស ស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស និងសមិទ្ធផលដែលសម្រេចជូនប្រទេសជាតិ ជាពិសេសក្នុងរយៈពេល ៤៦ឆ្នាំកន្លងមកនេះ ព្រមទាំងត្រូវប្តេជ្ញាការពារនូវរាល់សមិទ្ធផលជាប្រវត្តិសាស្ត្រទាំងអស់នោះឱ្យបានគត់ម៉ត់។
ឯកឧត្តម ហួត ហាក់ បានយកឱកាសនេះ ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ឯកឧត្តម ហួត ហាក់ បានគោរពថ្លែងអំណរគុណដោយស្មោះស័្មគ្រចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិស្នេហាប្រជាជន ដោយខិតខំប្ដូរផ្ដាច់ បូជាសាច់ស្រស់ ឈាមស្រស់ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។
ជាមួយគ្នានេះ នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ឯកឧត្តម ហួត ហាក់ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ បានឧទ្ទិសបួងសួងកុសលផលបុណ្យគោរពជូនវិញ្ញាណក្ខន្ធវីរកងទ័ព ប្រជាជនភៀសសឹក អតីតថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់ជំនាន់ដែលបានធ្វើមរណកាល សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕