រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ ចូលរួមពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តស្វាយតាហែន ក្នុងស្រុកកងមាស


រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ បាននាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃចូលរួមជាមួយពុទ្ធបរិស័ទ ក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តស្វាយតាហែន ក្នុងស្រុកកងមាស។

ទេយ្យវត្ថុ និងចង្ហាន់ ដែលបានវេប្រគេនជូនព្រះសង្ឃ នៅវត្តទាំងពីរខាងលើនោះ ក្នុង១វត្តៗ រួមមាន អង្ករទម្ងន់ ១០០គីឡូក្រាម, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស, ទឹកត្រី ៥កេស, ទឹកស៊ីអ៉ីវ ៥កេស, មី ១កេសធំ, ទឹកដោះគោ ១កេសធំ, ស្កសរ ៥គីឡូក្រាម, តែ ៥ គីឡូក្រាម និងថវិកា៤លានរៀល។ ដោយឡែក ផ្លែឈើ និងចង្ហាន់ ត្រូវបានប្រគេនសម្រាប់ព្រះសង្ឃ ៧ព្រះអង្គ និងបច្ច័យក្នុង១អង្គ ១០ម៉ឺនរៀលផងដែរ។

សូមជម្រាថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕