នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងធម្មការ និងសាសនា រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននាំយកអង្ករជាទេយ្យទាន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃចំនួន៣៦វត្ត និងអាស្រមទូទាំងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការប្រចាំការ ក្រសួងធម្មការ និងសាសនា តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងក្រុមការងារ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ បាននាំយកអង្កជាទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃចំនួន៣៦វត្ត/អាស្រម ទាំង៨ក្រុង-ស្រុក ក្នុងចំណោម(វត្ត/អាស្រមសរុប២៣៣ទូទាំងខេត្តកំពង់ឆ្នាំង) ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលពិធីប្រគេនអង្ករជាទេយ្យទានដល់ព្រះសង្ឃទាំង៣៦វត្ត/អាស្រមខាងលើនេះ បានប្រារព្ធធ្វើនៅក្នុងវត្តខ្សាម ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលមា នព្រះវត្តមានព្រះសរណៈមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍មុគណៈខេត្ត តំណាងរបស់ព្រះទេពមុនី សុខ ថាន ព្រះធម្មវង្សាធិបតីព្រះមេគណខេត្តកំពង់ឆ្នាំង ទទួលចែកចាយបន្តទៅតាមវត្ត និងអាស្រមទាំង៣៦ខាងលើនេះ។
ថ្លែងនៅចំពោះមុខព្រះសង្ឃគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទ ឯកឧត្តម យិន សាវ៉េន អភិបាលរងខេត្ត បានលើកឡើងបង្ហាញពីសារៈសំខាន់ នៃព្រះពុទ្ធសាសនា ដែលជាអត្តសញ្ញាណជាតិខ្មែរ វប្បធម៌ប្រពៃណី និងសីលធម៌សង្គម នៃព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ ដែលបានជួយនូវទស្សនៈរបៀបរស់នៅ និងអាកប្បកិរិយារបស់ប្រជាជនខ្មែរជាច្រើនជំនាន់មកហើយ។
ឯកឧត្តមក៏បានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព ស្ថេរភាព និងសុខដុមនីយកម្មក្នុងសង្គម។ ដូច្នេះយើងទាំងអស់គ្នាដែលកំពុងតែរស់នៅក្រោមដំបូលសន្តិភាពនាបច្ចុប្បន្ននេះ ត្រូវចេះរួបរួម សាមគ្គីគ្នា ចូលរួមថែរក្សាការពារ ទោះជាក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាពឲ្យបាន ព្រោះសន្តិភាពនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ព្រះពុទ្ធសាសនា បានដើរតួនាទីក្នុងការថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិក្នុងសង្គមខ្មែរ ដោយបានបង្ហាញថា វត្តអារាម និងព្រះសង្ឃជាប្រភព សម្រាប់បណ្ដុះនូវបញ្ញាញាណជាថ្នាលបណ្ដុះគ្រាប់ពូជបញ្ញវន្ត សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។
តំណាងឲ្យថ្នាក់ដឹកនាំក្នុងខេត្ត ក៏ដូចជាព្រះសង្ឃ និងប្រជា ពលរដ្ឋទាំងអស់ទូទាំងខេត្ត ឯកឧត្តម យិន សាវ៉េន ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រកបដោយក្តីកត្តញ្ញូបំផុតចំពោះសម្ដេចទាំងបី ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានកសាងនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើននៅពាសពេញផ្ទៃប្រទេសផងដែរ។
ឯកឧត្តមបណ្ឌិត សេង សុមុនី បានបង្ហាញក្ដីរីករាយក្រៃលែងដែលបាននាំយកអង្ករជាទេយ្យទាន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃចំនួន៣៦វត្ត និងអាស្រមក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
នាឱកាសនេះផង ឯកឧត្តមបណ្ឌិតក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលសម្ដេច និងលោកជំទាវ តែងតែបានផ្ដាំផ្ញើសួរសុខទុក្ខមកដល់ប្រជាពលរដ្ឋ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលបានចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនដែលខកខានម្ដងណាឡើយ៕