ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះពិនិត្យការគ្រប់គ្រងទឹក និងស្ថានភាពទឹកនៅតាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រឃុំកំពង់គោ ខេត្តកំពង់ធំ


នៅថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង ទីប្រឹក្សាជាតិ អន្តរជាតិ និង ប្រធានមន្ទីរធនធាន និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យការងារគ្រប់គ្រងទឹកជាក់ស្តែងតាមដងស្ទឹងសែន រហូតដល់ចំណុចអូរទូចឡឹក ស្ថិតក្នុងឃុំកំពង់គោ ខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការចុះពិនិត្យការងារនាពេលនេះគឺដើម្បីក្តាប់ឱ្យបាននូវស្ថានភាពទឹក ក្នុងរដូវវស្សា ជារដូវទឹកជំនន់ ជាពិសេសនៅចំណុចអូរទូចឡឹក ដែលមានការរាំងស្ទះផ្លូវទឹកហូរធ្វើឱ្យកម្ពស់ទឹកស្ទឹងសែន និងតំបន់២ តំបន់៣ ខុសគ្នារហួតដល់ប្រមាណ២ម៉ែត្រ ដែលត្រូវមានវិធានការកាយផ្តាច់ត្រង់ចំណុចអូរទូចឡឹកនេះ។ ទន្ទឹមនឹងនេះគឺត្រូវតាមដានឱ្យបានជាប់ជាប្រចាំនូវសភាពការណ៍ ដើម្បីទប់ស្កាត់នូវហានិភ័យដែលកើតឡើងជាយថាហេតុ ធ្វើឱ្យមានការជន់លិចដល់ខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមដល់មន្ទីរ មេឃុំ អាជ្ញាធរដែនដីទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់តាមដាននូវសភាពការណ៍ ហើយអន្តរាគមន៍ឱ្យទាន់ពេលវេលា ព្រមទាំងរៀបចំផែនការបន្ទាន់ មធ្យម និងវែង ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ និងភាពខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង៕