ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ ដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២


ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះបានអញ្ជើញដឹកនាំប្រតិភូ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ណាននីង ក្នុងខេត្តណាននីង សាធារណរដ្ឋប្រជាមានិតចិន។

ពិព័រណ៍នេះ មានការផ្តោតជាពិសេសលើការតាំងបង្ហាញ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកាសហប្រតិបត្តិការដ៏សំខាន់មួយ រវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។

ការចូលរួមរបស់គណៈប្រតិភូ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសចិន និងដៃគូក្នុងតំបន់ ជាពិសេសនៅក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងការធ្វើវិវត្តកម្មឌីជីថល។

វេទិកានេះបានផ្ដល់ឱកាសដ៏ល្អដើម្បីស្វែងយល់ពីបច្ចេកវិទ្យាទំនើបថ្មីៗ និងចែករំលែកបទពិសោធន៍ក្នុងការអនុវត្តដំណោះស្រាយ ប្រកបដោយនិរន្តរភាពសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត៕