អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចែកកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០២៥ ចំនួន ៩៩៨គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព


ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជាអធិបតី ចែកកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០២៥ ចំនួន ៩៩៨គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ។
ក្នុងពិធីនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ មានការចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុកពីសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការ ខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ និងមនុស្សចាស់ដែលគ្រោះថ្នាក់ដោយសារលង់ទឹក។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានស្នើឱ្យ រដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គអោយបានជាប់ជាប្រចាំ ដើម្បីជូនដំណឹងបន្តទៅឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ។
សូមបញ្ជាក់ថា : ទឹកជំនន់ទន្លេមេគង្គនៅក្នុងខេត្តត្បូងឃ្មុំ បានជន់ឡើង២ដងជាប់ៗគ្នា ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋជាច្រើននៅឃុំជីរោទ៍ទី១ និង ឃុំទន្លេបិទ។ ធ្វើអោយទឹកជំនន់លើកទី១ បានឡើងដល់កម្ពស់ ១៣,០០ម៉ែត្រ និងលើកទីពីរឡើងដល់ ១៣,២០ម៉ែត្រ ដែលធ្វើឱ្យលំនៅដ្ឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរងការជន់លិចផងដែរ៕