សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព»។
ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ បានសបញ្ជាក់អំពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់អង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស លើសកលលោក រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដោយបាននិងកំពុងផ្តោតលើ ការអភិវឌ្ឍវិស័យទេសចរណ៍ដោយឈរលើគោលការណ៍ចីរភាព ភាពធន់ និងបរិយាបន្ន។
ក្នុងន័យនេះ រដ្ឋជាសមាជិកទាមទារឱ្យមានអភិបាលកិច្ចល្អ ការដាក់ចេញផែនការយុទ្ធសាស្ត្រ និងការកំណត់អាទិភាព សកម្មភាពការងារច្បាស់លាស់ ជាមួយនឹងការតាមដានវាយតម្លៃការអនុវត្តជាប់ជាប្រចាំ ឱ្យស្របតាមគោលដៅ ចីរភាពរយៈពេលវែង៕