ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ការរីកចម្រើនរបស់វិស័យដឹកជញ្ជូននិងឡូជីស្ទីក នាពេលនេះ ដោយសារកម្ពុជាទទួលបានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ


តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបលើកទី៧ រវាងម្ចាស់អាជីវកម្ម សហគ្រាស នាំចេញ នាំចូល ឡូជីស្ទីក និងដឹកជញ្ជូន របស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅសណ្ឋាគារណាហ្គាវើល។

ក្នុងជំនួបលើកទី៧នោះ ឯកឧត្តមបណ្ឌិត លី ធុជ បានសង្កត់ធ្ងន់ថា ការរីកចម្រើនរបស់វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺដោយសារកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ។ ផ្អែកលើសន្តិភាព និងស្ថិរភាព ទទួលបាន រាជរដ្ឋាភិបាល ពីមួយជំនាន់ទៅមួយជំនាន់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំ នូវគោលនយោបាយវិស័យដឹកជញ្ជូននិងឡូជីស្ទីក ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ក្នុងនោះរួមទាំងការជួយសម្រួលដល់ដំណើរការបំពេញបែបបទ និងនីតិវិធីពាក់ព័ន្ធផ្សេងៗទៀតផង។

ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដែលបានរៀបចំឱ្យមានជំនួបពិភាក្សានេះឡើង ក្នុងគោលដៅកសាងនូវបណ្តាញទំនាក់ទំនង កិច្ចសហការ និងបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក សម្រាប់វិស័យដឹកជញ្ជូននិងឡូជីស្ទីកនៅកម្ពុជា ក៏ដូចជាសម្រាប់ការកែលម្អអាជីវកម្មដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ដល់បរិយាកាសវិនិយោគ និងពាណិជ្ជកម្មប្រកបដោយការប្រកួតប្រជែង។

ឯកឧត្តមបណ្ឌិត បន្តទៀតថា ដើម្បីគាំទ្រដល់វិស័យដឹកជញ្ជូនឡូជីស្ទីក រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការកសាងនូវហេដ្ឋារចនាសម័ន្ធជាច្រើន មានដូចជា ព្រលានយន្តហោះថ្មី ពង្រីកកំពង់ផែទឹកជ្រៅ ផ្លូវល្បឿនលឿន បណ្តាញផ្លូវតាមបណ្តារខេត្តផ្សេងៗ ស្ពានថ្នល់ និងព្រែកជីកហ្វូណនតេជោ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។ ថ្មីៗនេះ ការដាក់ឱ្យដំណើរការនៃព្រលានយន្តហោះតេជោអន្តរជាតិ គឹជាសមិទ្ធផល និងសក្ខីភាពជាក់ស្តែង ចំពោះការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យដឹកជញ្ជូនឡូជីស្ទីករបស់កម្ពុជា។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ បានស្នើឱ្យម្ចាស់អាជីវកម្ម សហគ្រាស និងវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីរួមគ្នាកសាងប្រទេសជាតិ និងបង្កើតភាពរឹងមាំសម្រាប់អនាគតកម្ពុជា។

លោកប្រធានសមាគម ជា ចាន់ដារ៉ា ក៏ឲ្យដឹងដែរថា សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញ ជាភាសាអង់គេ្លស LOGISTICS BUSINESS ASSOCIATION ដែលហៅ (កាត់ថា LOBA) ត្រូវបានចុះឈ្មោះក្នុងបញ្ជីសមាគមជាផ្លូវការ តាមប្រកាសលេខ ៥៤៩៧/ប្រក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ និងប្រកាសទទួលស្គាល់ម៉ាក ពាណិជ្ជនាម ដោយក្រសួងពាណិជ្ជកម្ម ត្រូវបានប្តូរឈ្មោះទៅជា សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ជាភាសាអង់គេ្លស LOGISTICS AND SUPPLY CHAIN BUSINESS ASSOCIATION IN CAMBODIA ដែលហៅកាត់ថា (LOSCBA) ដែលបានចុះឈ្មោះក្នុងបញ្ជីសមាគមជាផ្លូវការ តាមប្រកាសលេខ ១០៨៣/ប្រក ចុះថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២។

គោលបំណង, យុទ្ឋសាស្ត្រ និងទិសដៅរបស់សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ដូចតទៅ៖

*គោលបំណងរបស់សមាគម

– ចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល – ជួយបណ្តុះបណ្តាលសមាជិក និងសកម្មជនអំពីច្បាប់ និងបទដ្ឋានផ្សេងៗ – ចងក្រងជាក្រុមរវាងអ្នកដឹកជញ្ជូន និងអ្នកផ្គត់ផ្គង់ទំនិញទាំងអស់អោយមានសំឡេងតែមួយ – បង្កើនសមត្ថភាព និងចំណេះដឹងដល់អ្នកដឹកជញ្ជូន តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ – បង្កើនសាមគ្គីភាព រវាងអ្នកដឹកជញ្ជូន និង អ្នកដឹកជញ្ជូន – ជំរុញឲ្យមានការគោរព និងអនុវត្តច្បាប់នានា – រៀបចំសិក្ខាសាលា រយៈពេលខ្លីៗដោយផ្តល់នូវចំណេះដឹងថ្មីៗលើវិស័យដឹកជញ្ជូនជាតិ និងអន្តរជាតិ – កិច្ចសម្របសម្រួលក្នុងការប្រកួតប្រជែងរវាងដៃគូរពាណិជ្ជកម្ម និងកិច្ចសម្របសម្រួលផ្សេងៗលើវិស័យដឹកទំនិញនៅកម្ពុជា។ – ការរៀបចំជាមូលនិធិកិច្ចការសង្គមដើម្បីឧបត្ថមដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សខ្វះខាត តាមបណ្តារាជធានី ខេត្តទៅតាមលទ្ធភាពរបស់សមាគម។ * ទិសដៅរបស់សមាគម

– លើកស្ទួយវិស័យដឹកជញ្ជូន អ្នកផ្គត់ផ្គង់ទំនិញ អ្នកផលិត អ្នកនាំចេញនាំចូលអោយកាន់តែប្រសើឡើង – ជំរុញឲ្យមានការគាំទ្រ ដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា – លើកស្ទួយ និងការគាំទ្រដល់វិស័យកសិកម្ម ការដឹកជញ្ជូន វេចខ្ចប់ និងជំរុញការរកទីផ្សាជូនកសិករ។

* យុទ្ឋសាស្រ្តរបស់សមាគម

– ជួយជំរុញឲ្យមានការយល់ដឹងអំពីវិស័យដឹកជញ្ជូននាំចេញនាំចូល និងការធ្វើទីផ្សាអន្តរជាតិ – ជួយជំរុញឲ្យប្រើប្រាស់បច្ចេកទេសជំនាញលើវិស័យដឹកជញ្ជូន និងប្រើប្រាស់បច្ចេកទេសទិញលក់តាមប្រព័ន្ឋឌីជីថលអនឡាញ៕