នាយឧត្តមសេនីយ៍ ជៀង អំ អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្ត របស់គណបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី


នាយឧត្តមសេនីយ៍ ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី។

កិច្ចប្រជុំប្រារព្វធ្វើឡើងនៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ដោយមានចូលរួមពីសមាជិកក្រុមការងារចុះមូលដ្ឋានខេត្តរតនគិរី,អនុប្រធានគណបក្សខេត្ត សមាជិក សមាជិកា គណបក្សខេត្ត ក្រុង ស្រុក ឃុំ -សង្កាត់ទាំង៥០ជាច្រើនរូប។

ឯកឧត្តម ណាប់ ប៊ុន ហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សខេត្ត, លោក ឌុច ចាន់តូ ប្រធានមន្ទីរបក្សខេត្ត អានសេចក្តីសម្រេចចាត់តាំងមន្ត្រីគណបក្សចុះមូលដ្ឋានខេត្តរតនគិរី។

នាយឧត្តមសេនីយ៍ ជៀង អំ បានកោតសរសើរចំពោះក្រុមការងារគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត បំពេញការងារនៅមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់។

នាយឧត្តមសេនីយ៍ ជៀង អំ បានបន្តថាសូមឱ្យក្រុមការងារចុះមូលដ្ឋានជាប់ជាប្រចាំ,ពង្រឹងគណបក្សឱ្យរឹងមាំ, ពង្រឹងកម្លាំងយុវជនគណបក្សដោយបើកវគ្គរៀនសូត្រ, ត្រូវពង្រឹងរបៀបរបបការងារ, របបប្រជុំត្រឹមត្រូវច្បាស់លាស់, សូមប្រយ័ត្នព័ត៌មានក្លែងក្លាយទាក់ទងនឹងការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ គឺមានតែប្រភពព័ត៌មានចេញពីរាជរដ្ឋាភិបាល, ក្រសួងការពារជាតិ,ក្រសួងព័ត៌មានទើបអាចយកជាផ្លូវការបាន។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តរតនគិរី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តរតនគិរី ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួនបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយបានសម្រេចលទ្ធផលការងារជាច្រើនជូនប្រជាពលរដ្ឋ និងគណបក្សក្នុងរយៈពេលកន្លងមក។

ជាមួយគ្នានេះ ប្រធានក្រុមការងារបានផ្តាំផ្ញើដល់មន្ត្រីគណបក្សដែលទើបចាត់តាំងថ្មីត្រូវបន្តរួបរួមគ្នាជាកម្លាំងសរុបក្នុងគោលដៅតែមួយ និងផ្លូវតែមួយដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ជៀង អំ ក៏បានណែនាំផងដែរដល់មន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់តាមដានមើលសកម្មភាពពលករដែលទើបត្រឡប់មកពីថៃគឺយកព័ត៌មានពីកងទ័ពទៅប្រាប់ភាគីថៃ ពោលគឺលក់ក្បាលឱ្យគេ (ក្បត់ជាតិ)។

នាយឧត្តមសេនីយ៍ ជៀង អំ ក៏បានផ្តាំផ្ញើដល់ក្រុមការងារសហការជាមួយគណៈកម្មាធិការបក្សខេត្តរតនគិរី បង្កើនពង្រឹងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព ហើយការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ ព្រមទាំងជំរុញឱ្យសមាជិកគណបក្សទាំងអស់ត្រូវធ្វើបណ្ណគណបក្សប្រជាជនឱ្យបានគ្រប់ៗគ្នាតាមប្រព័ន្ធ (IT) ផងដែរ៕