ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ អមដោយគណៈកម្មាធិការសាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង លេខរៀងទី២១ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនលោកតា នេត នូ អាយុ ៧២ឆ្នាំ ដែលមានជីវភាពក្រីក្រខ្លាំង និងរងគ្រោះដោយអគ្គិភ័យកន្លងទៅ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០គ្រួសារ ស្ថិតភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ។
តាមរបាយការណ៍លោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានអនុសាខាក្រុងបាត់ដំបង បានឱ្យដឹងថាក្រុមគ្រួសារ លោកតា នេត នូ អាយុ ៧២ឆ្នាំ មានបន្ទុកគ្រួសារចំនួន៣នាក់ ស្រី១នាក់ ដែលបានរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣:២០នាទីបណ្តាលឱ្យខូខាតទាំង
ស្រុង ផ្ទះ១ខ្នង ទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ស្ថិតភូមិតាថុក ឃុំធិបតី មូលហេតុផ្ទុះសេខ្សែភ្លើង គ្រួសារខាងលើកមានជីវភាពទ័លក្រ ផងដែលក្រោយពីរងគ្រោះភ្លាមៗ គ្រួសាររងគ្រោះខាងលើកក៏បានទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ជាពិសេសទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្ណសមធម៌ផងដែរ។
ថ្លែងក្នុងនោះក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបានសម្តែងនូវក្តីសោមនស្សរីករាយ និងការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត អាសូនិងស្រឡាញ់ចំពោះក្រុមគ្រួសារ លោកតា នេត នូ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់។
ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមគិតគូរពីបញ្ហាសុខភាព ព្រោះកត្តាសុខភាពនេះអាចឱ្យយើងរួចផុតពីភាពក្រីក្របាន ដែលក្នុងនោះត្រូវបរិភោគទឹកស្អាត ទឹកដាំឆ្អិនល្អ ការរស់នៅមានអនាម័យ ប្រុងប្រយ័ត្នពីជំងឺឆ្លងនានា ជាពិសេសជំងឺមិនឆ្លងដូចជាជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃជាដើម ដែលបង្កឡើងដោយការបរិភោគមិនបានត្រឹមត្រូវ។
លើសពីនេះទៅទៀតឯកឧត្តមបានគូសបញ្ជាក់ថា៖ «បើទោះបីជាបងប្អូនមានជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏សូមបងប្អូនខិតខំជម្នះការលំបាក តស៊ូជំរុញដល់កូនចៅរបស់ខ្លួនឱ្យទៅសាលារៀន ទទួលបានការអប់រំ មានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីកាត់បន្ថយបាននូវភាពក្រីក្រ»។
ជាមួយគ្នានេះឯកឧត្តមបានបានគូសបញ្ជាក់ថា៖ «កាកបាទក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា, ដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបាន គឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃ ដែលនេះគឺជាការផ្សារភ្ជាប់រវាងសប្បុរសជន ជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី២១ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥,៥៥០ដុល្លារ មានទំហំ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រផងដែរ។
ជាកិច្ចឆ្លើយតប លោកតា នេត នូ ក្នុងនាមក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរ និងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី ១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។ លោកតាបានសន្យានឹងខិតខំថែរក្សាផ្ទះថ្មីនេះឱ្យបានល្អ គង់វង្សយូអង្វែង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី២
កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រីខ ២យួរ, ទឹកបរិសុទ្ធ ៤កេស និងថវិកា៤០ម៉ឺនរៀល។ ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ ដែលរសើនៅជិតខាងចំនួន ៣០គ្រួសារ ដោយមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី ១កេស ទឹកបរិសុទ្ធ ១កេស ទឹកត្រី ១ យួរ ទឹកស៊ីអ៉ីវ ១យួរ ផងដែរ៕