វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន និងវិនិយោគិន បង្ហាញពីបរិយាកាសវិនិយោគ ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល


ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំ «វេទិកាជំនួបរវាងក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន និង វិនិយោគិន» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.វ.ឦសាន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី, និង រតនគិរី ព្រមទាំងមន្ទីរពាក់ព័ន្ធ ក៏ដូចជាវិនិយោគិនជាតិ និង អន្តរជាតិជាច្រើនរូប។

វេទិកាជំនួបនេះ ត្រូវបានរៀបចំក្នុងគោលបំណង៖ (១) បន្តផ្សព្វផ្សាយអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ឆ្នាំ ២០២៥-២០២៨», (២) ស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគ ក្នុងភូមិភាគឦសាន តាមរយៈបទបង្ហាញអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនកំពុងវិនិយោគស្រាប់, និង (៣) ពិគ្រោះយោបល់ដោយផ្ទាល់ រវាងវិនិយោគិន និង ក.វ.ឦសាន និងតំណាងរដ្ឋបាលខេត្តទាំងបួននៃភូមិភាគឦសាន អំពីបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ការវិនិយោគ។

វេទិកានេះ មានការធ្វើបទបង្ហាញពីក្រុមហ៊ុនចំនួន ២ គឺ៖ (១) ក្រុមហ៊ុន Socfin Cambodia ដែលជាក្រុមហ៊ុនផលិត និង កែច្នៃកៅស៊ូធម្មជាតិសម្រាប់ការនាំចេញ ដែលមានប្រតិបត្តិការនៅខេត្តមណ្ឌលគិរី, និង (២) ក្រុមហ៊ុន UBE Development ដែលអភិវឌ្ឍ និង វិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសស្នួល ដែលមានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះ ។ បទបង្ហាញទាំងនេះ បានបង្ហាញនូវបរិយាកាសវិនិយោគ និងទិដ្ឋភាពនៃធុរកិច្ចចម្រុះ, ជាពិសេស ការអភិវឌ្ឍវិស័យកសិកម្ម និង កសិ-ឧស្សាហកម្មក្នុងភូមិភាគឦសាន និង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស នៅក្បែរច្រកអន្តរជាតិត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ។ បទបង្ហាញទាំងនេះ បានស្តែងឱ្យឃើញនូវចំណាប់អារម្មណ៍ខ្ពស់ របស់វិនិយោគិនជាតិ-អន្តរជាតិ ចំពោះសក្តានុពល និង លក្ខណៈអំណោយផលនៃបរិយាកាសវិនិយោគនៅភូមិភាគឦសាន ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិនិយោគ និង ការអភិវឌ្ឍភូមិភាគឦសាន។

ក្នុងបរិការណ៍នៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ, ប្រជាជនកម្ពុជា បានធ្វើពហិការចំពោះទំនិញថៃ និងងាកមកគាំទ្រ ប្រើប្រាស់ផលិតផលក្នុងស្រុកយ៉ាងផុសផុល ដែលឆន្ទៈគាំទ្រផលិតផលក្នុងស្រុករបស់ប្រជាជនកម្ពុជា គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការលើកស្ទួយការផលិត និងការកែច្នៃ សម្រាប់ទីផ្សារក្នុងស្រុកផង និងទីផ្សារអន្តរជាតិផង, ព្រមទាំងបង្កើតការងារកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជនកម្ពុជា។

ក្នុងឱកាសនេះ, កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន បាននិងកំពុងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនថែមទៀត ពីសំណាក់វិនិយោគិន និងធុរជន តាមរយៈការលើកទឹកចិត្តពិសេសផ្សេងៗ សម្រាប់ការវិនិយោគ គួបផ្សំនឹងការដោះស្រាយបញ្ហាប្រឈមនានា របស់វិនិយោគិន, ការបំពេញបន្ថែមពីគោលនយោបាយ អភិវឌ្ឍសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រសំខាន់ៗ រួមទាំងការកសាងផ្លូវក្រវាត់ព្រំដែន, ព្រែកជីកហ្វ៊ូណនតេជោ, កំពង់ផែពហុបំណង និង ព្រលានយន្តហោះជាដើម ដែលនឹងជួយដល់កម្មវិធីពិពិធកម្មផលិតផល, ពង្រឹងភាពតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត និងប្រព័ន្ធឡូជីស្ទិក ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគទាំងមូលនៅកម្ពុជា។

ថ្លែងក្នុងវេទិកានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន មិនត្រឹមតែជាគោលនយោបាយលើកទឹកចិត្តប៉ុណ្ណោះទេ, ប៉ុន្តែ គឺជាយុទ្ធសាស្ត្រឆ្លើយតបទៅនឹងបញ្ហាប្រឈម នៅក្នុងបរិការណ៍បច្ចុប្បន្នរបស់វិនិយោគិន ព្រមទាំងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្ដល់ការសម្រួល និងភាពកក់ក្ដៅជាអតិបរមា ជូនវិនិយោគិន និងបានចែករំលែកនូវអនុសាសន៍គន្លឹះចំនួន៣ ដើម្បីជំរុញឱ្យកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តនៅភូមិភាគឦសាន ឱ្យដំណើរការទៅមុខប្រកបដោយជោគជ័យ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលគឺ៖

(១). ការបន្តពង្រឹងយន្តការ «សេវាច្រកចេញចូលតែមួយ» ដោយពង្រឹងសិទ្ធិអំណាចប្រតិភូកម្ម របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលជាក្រុមការងារអន្តរក្រសួង ដើម្បីសម្រួលនីតិវិធី ពិនិត្យ អនុម័ត និង តាមដានការអនុវត្តគម្រោងវិនិយោគ ក៏ដូចជាលុបបំបាត់ការចំណាយធនធានមិនចាំបាច់ និង ភាពយឺតយ៉ាវខាងផ្នែកនីតិវិធី និង រដ្ឋបាល ដែលបង្កឱ្យមានភាពរារែកពីវិនិយោគិន

(២). ការពង្រឹងសមត្ថភាពតួអង្គពាក់ព័ន្ធ រួមទាំងរដ្ឋបាល និង មន្ទីរជំនាញខេត្ត អំពីកម្មវិធីពិសេស, នីតិវិធីប្រតិបត្តិនានាពាក់ព័ន្ធនឹងការវិនិយោគ និង សក្តានុពលវិនិយោគរបស់ភូមិភាគឦសាន តាមសិទ្ធិអំណាចនៃស្ថាប័នរៀងៗខ្លួន

(៣). ការជំរុញការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ តាមរយៈការពង្រឹង និង ការរក្សាទំនាក់ទំនងសកម្មរវាង ក.វ.ឦសាន, រដ្ឋបាល និង មន្ទីរជំនាញខេត្ត, សហគមន៍មូលដ្ឋាន និង វិនិយោគិនជាតិ និង អន្តរជាតិនានា ដើម្បីបង្កើតនូវប្រព័ន្ធគាំទ្រដែលការពារ និង ធានានិរន្តរភាពនៃការវិនិយោគនៅភូមិភាគឦសាន សំដៅជំរុញការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ចំពោះបណ្តាខេត្តដែលនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើន, ជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិ និង បំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវវិធានការ និង យន្តការមានលក្ខណៈជាកញ្ចប់ និងប្រទាក់ក្រឡា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ជូនថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីពិសេសនេះ, វិនិយោគិនអាចទទួលបានការគាំទ្រគ្រប់ជ្រុងជ្រោយ តាមរយៈ៖ (១) ការលើកទឹកចិត្តផ្នែកពន្ធដារ និង ពន្ធគយ, (២) ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និង (៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។

ទន្ទឹមនេះ, ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) សម្រាប់ការវិនិយោគក្នុងភូមិភាគឦសាន អាចធ្វើឡើងក្នុងទំហំវិនិយោគ ចាប់ពី ១០០ ០០០ ដុល្លារអាមេរិកឡើងទៅ ។ លើសពីនេះទៀត, ការគាំទ្រ និង ការសម្រួលនីតិវិធីវិនិយោគនានា នៅភូមិភាគឦសាន នឹងត្រូវអនុវត្តក្រោមយន្តការ «ច្រកចេញចូលតែមួយ» របស់ ក.វ.ឦសាន ដែលផ្តល់ការពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេសក៏ដូចជា លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជូនគម្រោងវិនិយោគ តាមរយ:ការសម្រេចជាកញ្ចប់រួមគ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព។

ជាមួយគ្នានេះ, វិនិយោគិន ដែលមានបំណងទទួលបាន «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមាន ៥ ទីតាំង៖

* ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 365 2775 / 97 256 7174
* ទីតាំងទី២. ការិយាល័យស្ថិតនៅសាលាខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663,
* ទីតាំងទី៣. ការិយាល័យស្ថិតនៅក្នុងអគារក្រោយសាលមហោស្រពក្រុងក្រចេះ ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664,
* ទីតាំងទី៤. ការិយាល័យស្ថិតនៅសាលាខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 663 និង
* ទីតាំងទី៥. ការិយាល័យស្ថិតនៅសាលាខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង (+855) 97 22 11 664 ៕