អភិបាលខេត្តពោធិ៍សាត់ ប្តេជ្ញាបំពាក់ភ្លើងបំភ្លឺតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ដ្រខេត្តប្រវែង ៩០គីឡូម៉ែត្រ


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានប្តេជ្ញាចិត្តនឹងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទ Solar LED នៅលើកំណាត់ផ្លូវជាតិលេខ៥ ប្រវែងប្រមាណ៩០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដល់ខេត្តបាត់ដំបង ឲ្យបានរួចរាល់ទាំងស្រុង នាត្រឹមដំណាច់ឆ្នាំ២០២៧ ឬ២០២៨ខាងមុខ។

ឯកឧត្តម ខូយ រីដា បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ម៉ែន ស៊ុន ម៉ុងឫទ្ធី ដែលបានអញ្ជើញចុះជួបពិភាក្សាការងារ និងឈ្វេងយល់អំពីសភាពការណ៍ថ្មីៗ ជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានចាត់ទុកថា គម្រោងដ៏ធំនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងភាពងាយស្រួល ក្នុងការធ្វើដំណើរ ជូនបងប្អូនប្រជាពលរដ្ឋ នាពេលយប់។

ជាក់ស្តែងនាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមជាងជំនាញរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បាននិងកំពុងចាប់ដំណើរការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈ ប្រភេទSolar LED ក្នុងជំហាន១ ពីចំណុចនិម្មិតសញ្ញារដ្ឋបាលខេត្ត រូបលោកឧកញ៉ាឃ្លាំងមឿងជិះសេះ ខាងកើតផ្តិល ផ្លូវជាតិលេខ៥ រហូតដល់ទីរួមស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានបន្ថែមថា សម្រាប់ជំហានបន្ទាប់ ឯកឧត្តមនឹងបន្តតម្លើងឲ្យដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ លោកក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួម និងបន្តគាំទ្រថវិកាជាបន្តបន្ទាប់ សម្រាប់កិច្ចការងារផ្សារតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ជាពិសេសសូមថ្លែងអរគុណដល់ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភអំពូល ប្រភេទSolar LEDទាំងស្រុង តាមការស្នើសុំរបស់រដ្ឋបាលខេត្តផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ មិនត្រឹមតែការតម្លើងអំពូលភ្លើងបំភ្លឺផ្លូវសាធារណៈប៉ុណ្ណោះទេ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមក៏មានកិច្ចការងារជាច្រើន ដែលត្រូវធ្វើឲ្យខេត្តពោធិ៍សាត់ មានការប្រែមុខប្រែមាត់ ដូចជាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ចលនាសម្អាតបរិស្ថានអនាម័យ គ្រប់ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត តាមដងផ្លូវសាធារណៈ និងតាមខ្នងផ្ទះ ត្រូវតែស្អាត គ្មានសំរាម។ នេះមិនទាន់រាប់បញ្ចូល ការខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយការងារធ្វើ ជូនពលករទើបត្រឡប់មកពីប្រទេសថៃ យន្តការជម្លៀសពលរដ្ឋភាសសឹកមកកន្លែងសុវត្ថិភាព ការឧបត្ថម្ភគាំទ្រ ដល់បណ្តាខេត្តដែលប្រឈមខ្លាំង ការត្រៀមគ្រប់សភាពការណ៍ដែលកើតមាន ក្នុងខេត្តពោធិ៍សាត់ ពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃជាដើម៕