លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អំណោយដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានផ្តល់អំណោយដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋ ភៀសសឹកដោយសារការឈានពានរបស់កងទ័ពថៃ នៅតាមមណ្ឌលភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប។ អំណោយនោះរួមមាន មុងចំនួន៦០ការ៉ុង ស្មើ៣ពាន់មុង, ទឹកស៉ីអ៉ីវ ៥០កេស និងទឹកត្រី ៧៥យួរ។

តាមការបញ្ជាក់របស់លោក ស៊ុន ចំណាន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសង្គ្រាម។ អំណោយទាំងនេះ អាជ្ញាធរខេត្តនឹងធ្វើការបែងចែកជូនដល់ប្រជាពលរដ្ឋនៅតាមមណ្ឌលសុវត្ថិភាពតាមក្រុង ស្រុក ដែលពួកគាត់កំពុងស្នាក់នៅ។

ម៉្យាងទៀត ដោយសភាពការណ៍នៅតាមព្រំដែន មិនធានាសុវត្ថិភាព ដោយមានការរំលោភបំពានរបស់ពួកទាហានថៃ ក្រោយបទឈប់បាញ់ ធ្វើឲ្យប្រជាពលរដ្ឋបន្តរស់នៅក្នុងមណ្ឌល ដែលធ្វើឲ្យខាតពេលវេលាក្នុងការប្រកបរបរ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារ។ លោកបានបន្តថា ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ មិនប្រកាន់ បក្ខពួក និងនិន្នាការនយោបាយអ្វីទាំងអស់ គឺក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា រាល់អំណោយដែលរដ្ឋបាលខេត្តសៀមរាប ទទួលបានពីសប្បុរសជនជាតិ និងអន្តរជាតិ ត្រូវបានក្រុមការងារខេត្ត ធ្វើការបែងចែកផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅមណ្ឌលភៀសសឹកតាមក្រុង ស្រុក ព្រមទាំងបានផ្គត់ផ្គង់ដល់សមរភូមិមុខផងដែរ៕