ប្រមុខការទូតកម្ពុជា ប្រាប់មហាសន្និបាត និងអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីការវាយប្រហារឥតញញើតរំលោភអធិបតេយ្យរបស់កម្ពុជាពីសំណាក់ប្រទេសថៃ និងអំពាវនាវអន្ដរជាតិបន្ដតាមដាន និងអន្តរាគមន៍


ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក និងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងអំពីការវាយប្រហារដោយឥតញញើត រំលោភដែនអធិបតេយ្យរបស់កម្ពុជា ពីសំណាក់ប្រទេសថៃ និងអំពាវនាវឲ្យអន្ដរជាតិបន្ដតាមដាន សំដៅបន្ធូរបន្ថយភាពតានតឹង និងស្ដារឡើងវិញនូវជំនឿទុកចិត្តរវាងកម្ពុជា-ថៃ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានបង្ហាញនូវនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្តនៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឲ្យគោរពយ៉ាង ម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាបានអំពាវនាវឲ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឲ្យជួយបន្ធូរបន្ថយភាព តានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនមហាសន្និបាត អំពីការវាយប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជា មិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់សារជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះការធ្វើកំណែទម្រង់របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើនវិធានការការទូត ពង្រឹងតួនាទីរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ពង្រីកសមាជិកភាពនៃក្រុមប្រឹក្សាសន្តិសុខ និងជំរុញប្រតិបត្តិការថែរក្សាសន្តិភាព។ លោកបានអំពាវនាវឲ្យប្រទេសទាំងអស់គោរពចក្ខុវិស័យដំបូងរបស់អង្គការសហប្រជាជាតិ ដោយជ្រើសរើសកិច្ចសហប្រតិបត្តិការ កិច្ចសន្ទនា និងសេចក្តីសង្ឃឹម ជំនួសឲ្យជម្លោះ និងការបែងចែក។

ក្នុងឱកាស នៃកិច្ចពិភាក្សារបស់មហាសន្និបាតអង្គការសហប្រជាជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី មានជំនួបទ្វេភាគីជាមួយលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសមភាគី មួយចំនួនទៀត រួមមាន ប្រធានកាកបាទក្រហមអន្តរជាតិ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ជប៉ុន ហុងគ្រី សាំងលូស៊ី ន័រវែស រុស្ស៊ី ថៃ និងហ្គាំប៊ី។ ជំនួបពិភាក្សានេះបានផ្តោតលើការពង្រឹង កិច្ចសហប្រតិបត្តិជាទ្វេភាគី ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការក្នុងពហុភាគី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឱកាសនោះរៀបរាប់ត្រួសៗ ជូនរដ្ឋមន្ត្រីការបរទេសទាំងនោះ នូវបច្ចុប្បន្នភាពជម្លោះព្រំដែនជាមួយប្រទេសថៃ និងបានបញ្ជាក់សារជាថ្មីពីជំហររបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត និងការអនុវត្តកិច្ចព្រមព្រៀងកន្លងមកថ្មីៗនេះ ឲ្យបានពេញលេញ និងស្មោះត្រង់ ដើម្បីឈានទៅកាន់ទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសទាំងពីរ៕