សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ណែនាំឱ្យជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឱ្យដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឱ្យដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានី ខេត្ត ស្របតាមផែនការ ដែលបានកំណត់ ដោយឈរលើស្មារតីសាមគ្គីភាពជួយគា្នទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយ មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។ នេះបើយោងតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥។

ជាមួយគ្នានោះ សម្តេចបវរធិបតី នាយករដកឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ ដែលមានស្រាប់។

គួរជម្រាបជូនថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការ សហប្រជាជាតិ។ ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង។

តាមសារាចរខាងលើ ទិវានេះបង្ហាញឱ្យឃើញអំពីតួនាទី ដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់នូវ ចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ តាមរយៈអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១១ ស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងអនុក្រឹត្យ លេខ១៣១ អនក្រ.បក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើត គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយ ទិវាមនុស្សចាស់អន្តរជាតិ៕