(តាកែវ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំដល់មេឃុំចៅសង្កាត់ រួមនឹងមន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តកម្មវិធីជាតិជំនួយសង្គមឲ្យបានល្អ និងត្រូវកំណត់អត្តសញ្ញាណគ្រួសារ រងគ្រោះក្រីក្រ ឲ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ដើម្បីធ្វើយ៉ាងណាជួយពួកគាត់បានទាន់ពេលវេលា និងចំគោលដៅ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរំលឹក ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដល់រដ្ឋបាលឃុំ-សង្កាត់ និងការរិយាល័យអប់រំក្រុង-ស្រុកទូទាំងខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម វ៉ី សំណាង បានថ្លែងថា ដើម្បីធ្វើឲ្យប្រសើឡើងវិញពីសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលពិតជាបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់គាំទ្រដល់ដំណើរការ នៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ នាពេលកន្លងមក និងត្រូវបានបិទបញ្ចប់ស្របតាមស្ថានភាពប្រសើរឡើង នៃស្ថានភាពសេដ្ឋកិច្ច និងប្រទេសជាតិទាំងមូល។
ឯកឧត្តមអភិបាលខេត្តតាកែវ បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិកន្លងមក និងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមនានា ជាបន្តបន្ទាប់។ គ្រប់កម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បាននិងកំពុងគាំទ្រជំរុញ និងយកចិត្តទុកដាក់ជាប់ជាប្រចាំដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងអាចសម្រេចបាននូវសមិទ្ធផលស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការទទួលខុសត្រូវអនុវត្តកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញកម្មវិធីនេះ ដើម្បីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេស គ្រួសារក្រីក្រ សមាជិកមានភាពងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅគ្រប់ទីតាំងភូមិសាស្រ្តទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ៤,៣លាននាក់៕