រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យ ១២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាលដោយជោគជ័យ។
យោងតាមរបាយការណ៍បូកសរុបលទ្ធផលវគ្គបណ្ដុះបណ្ដាលដោយ ឯកឧត្ដម សាន វិសាល ប្រធានលេខាធិកាដ្ឋានគណៈកម្មាធិការគណបក្ស ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួម មានចំនួន ៥៤រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ តាមរយៈប្រធានបទដែលបានរៀបចំ និងលទ្ធផលនៃការវាយតម្លៃ បានបង្ហាញថា វគ្គអប់រំនយោបាយនេះពិតជាមានសារៈសំខាន់ ហើយសិក្ខាកាមគ្រប់រូបពិតជាបានបង្កើនចំណេះដឹងយ៉ាងល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពីគ្រូឧទ្ទេស ដែលជាពុទ្ធិដ៏មានសារសំខាន់សម្រាប់បន្តបំពេញការងារជូនគណបក្សប្រកបដោយភាពខ្លាំងក្លា និងមុះមុត។
បន្ទាប់ពីបានស្ដាប់របាយការណ៍រួចមក ឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រងវគ្គ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ មន្រ្តីជាន់ខ្ពស់គណបក្ស ដែលជាគ្រូឧទ្ទេសក្នុងការចំណាយពេលវេលាដ៏មានតម្លៃរៀបចំបទបង្ហាញ និងធ្វើបទឧទ្ទេសនាមចែករំលែកនូវចំណេះដឹង បទពិសោធន៍ ពុទ្ធិល្អៗពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជាជូនដល់សមាជិកគណបក្ស ព្រមទាំងបានកោតសរសើរនិងអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានចូលរួមដោយជោគជ័យក្នុងវគ្គអប់រំនយោបាយកម្រិត១ ដែលជាវគ្គទី៣នាពេលនេះ ដែលសុទ្ធសឹងជាធនធានមនុស្សដ៏ល្អ និងជាអ្នកបន្ដវេន និងប្រតិបត្ដិករ ប្រកបដោយវិន័យ ចំណេះដឹង និងបទពិសោធន៍ដ៏ល្អ ។ មានប្រសាសន៍ក្នុងពិធីដ៏មានអត្ថន័យនោះ ឯកឧត្តម បានសង្កត់ធ្ងន់អំពីគុណបំណាច់មិនអាចកាត់ថ្លៃបាននៃ “សន្ដិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង ដោយយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាស្ថាបនិកសន្តិភាពនៃកម្ពុជា និងការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលជាសសរទ្រូងដ៏រឹងមាំការពារនូវសន្តិភាព សាមគ្គីភាព ឯកភាពជាតិទឹកដី ដើម្បីបន្តរក្សាការជំរុញកំណើនសេដ្ឋកិច្ច និងបន្តការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ឈានទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម បានអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់អង្គពិធី ដើម្បីឱ្យការអនុវត្តការងារគណបក្សប្រកបដោយប្រសិទ្ធភាព និងធានាបានការបណ្តុះបណ្តាលនេះកាន់តែមានគុណភាព សំដៅពង្រឹង និងពង្រីកនូវឧត្តមភាព និងប្រជាប្រិយភាពនៃគណបក្សឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តម បានអញ្ជើញប្រគល់ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំងអស់ ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕