ព្រឹកថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋទទួលបន្ទុកយុវជន បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពី «បទបញ្ជាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា» ក្នុងវគ្គពង្រឹងសមត្ថភាពថ្នាក់ដឹកនាំយុវជនគណបក្សស្រុកបសេដ្ឋ។
វគ្គពង្រឹសមត្ថភាពងនេះ មានការចូលរួមពីសមាជិក សមាជិកាជាថ្នាក់ដឹកនាំយុវជនគណៈកម្មាធិការគណបក្សស្រុក និងគណបក្សឃុំ មានចំនួនសរុប៤២រូប។
គោលបំណងនៃវគ្គ គឺបំពាក់ការយល់ដឹងឱ្យកាន់តែច្បាស់ ដល់ក្បាលម៉ាស៊ីនយុវជនគណបក្សស្រុក និងគណបក្សឃុំ អំពីរចនាសម្ព័ន្ធ និងរបៀបរបបការងាររបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសលើការងារនយោបាយ សតិអារម្មណ៍ និងចាត់តាំង។
ឯកឧត្តមបណ្ឌិតបានប្រសាសន៍ថា យុវជនគណបក្សត្រូវយល់ដឹងឱ្យបានច្បាស់អំពីគណបក្សប្រជាជនកម្ពុជា អំពីប្រវត្តិគណបក្ស អំពីបុព្វហេតុ និងស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស ក្តាប់ជាប់កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស បញ្រ្ជាបកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្សទៅក្នុងជួរយុវជនសំដៅលើកកម្ពស់ស្មារតី ភ្ញាក់រឮក ជំនឿជាក់ឥតងាករេលើការដឹកនាំរបស់គណបក្ស ហ៊ានការពារគណបក្ស ទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស។
ឯកឧត្តមបណ្ឌិតក៏បានមានប្រសាសន៍បន្ថែមថា យុវជនគណបក្សត្រូវមាន «ទស្សនៈជាក់ស្តែង ទស្សនៈប្រវត្តិសាស្ត្រ ទស្សនៈគ្រប់ជ្រុងជ្រោយ និងទស្សនៈដាច់ខាត» ព្រមទាំងត្រូវមានលក្ខខណ្ឌ «ភាពស្មោះត្រង់ សុខភាពល្អ សមត្ថភាព និងប្រជាប្រិយ» ដើម្បីប្រមូលកម្លាំងមហាជនច្រើនកុះករ ឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា។