ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “វគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣” ជូនសមាជិក សមាជិកា និងយុវជនគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងពិធីបើកវគ្គនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងសិក្ខាកាមសរុបចំនួន ៦០រូប។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខ សេចក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ សម្តេចប្រធាន សម្តេចអនុប្រធាន គណបក្សជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូល។ ថ្លែងក្នុងឱកាសបើកវគ្គ ឯកឧត្តម បានបញ្ជាក់ថាវគ្គអប់រំនយោបាយគណបក្សកម្រិត១ វគ្គទី៣នេះ ត្រូវបានរៀបចំក្នុងគោលបំណងលើកកម្ពស់សមត្ថភាពនយោបាយ អត្តចរិត សីលធម៌ និងស្មារតីទទួលខុសត្រូវរបស់សមាជិក សមាជិកា និងយុវជនបក្ស តាមរយៈការពង្រឹងចំណេះដឹងជាច្រើនបន្ថែមទៀតស្តីពីប្រវត្តិគណបក្ស លក្ខន្តិកៈគណបក្ស កម្មវិធីនយោបាយគណបក្ស ការកសាងអត្តចរិកមន្រ្តីគណបក្ស និងយន្តការនានារបស់គណបក្ស ក្នុងគោលដៅពង្រឹងការគាំទ្រជឿជាក់យ៉ាងមុតមាំមកលើគណបក្ស និងចូលរួមអនុវត្តការងារបក្សឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់យុវជនបន្តវេន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាបិតាសន្តិភាព ជាស្ថាបនិកមគ្គុទេសក៏ និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ  ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញពេញផ្ទៃប្រទេស។ ជាមួយគ្នានោះ ឯកឧត្តមប្រធាន ក៏បានចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានសារសំខាន់មួយចំនួន ដើម្បីជាជំនួយដល់ការត្រិះរិះពិចារណាសម្រាប់ការបំពេញការងារឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។

ជាទីបញ្ចប់ ឯកឧត្តមប្រធាន ក៏បានផ្ដល់ជាផ្ដាំផ្ញើជូនដល់សិក្សាកាមទាំងអស់ ត្រូវចូលរួមក្នុងវគ្គឱ្យបានពេញលេញ និងទៀងទាត់ពេលវេលា ដោយខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់នូវចំណេះដឹងដែលគ្រូឧទ្ទេសគ្រប់រូបបានចែករំលែក ជាងនេះទៅទៀតត្រូវឧស្សាហ៍ព្យាយាមក្នុងការស្រាវជ្រាវបន្ថែមដើម្បីឱ្យខ្លួនឯងមានចំណេះដឹងកាន់តែទូលំទូលាយ៕