លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកំពង់ស្វាយ ខេត្តកំពង់ធំ បានជំរុញទៅដល់សិស្សានុសិស្សទាំងអស់ត្រូវផ្ដោតអារម្មណ៍ដ៏មុតស្រួចដើម្បីសិក្សារបស់ខ្លួនទទួលបានជោគជ័យនាពេលអនាគត ។
លោកជំទាវ ឃួន ឃុនឌី ថ្លែងក្នុងពិធីចំណេះសំណាលជាមួយសិស្សានុសិស្សជាប់និទ្ទេស A និងនិទ្ទេសB វិទ្យាល័យទួលក្បិលនិងវិទ្យាល័យ ហ៊ុន សែន ត្បែង ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។
លោកជំទាវបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងសមត្ថភាពយុវជនឲ្យមានចំណេះដឹងទូលំទូលាយ និងជំនាញច្បាស់លាស់ តាមរយៈការផ្តល់ឱកាសអប់រំ ប្រកបដោយសមធម៌ និងគុណភាពខ្ពស់យ៉ាងហោចណាស់យុវជនម្នាក់ក៏មានជំនាញអាជីពមួយ សម្រាប់ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃផងដែរ។
លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ ក្រោមការដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ និងប្រកបដោយសមត្ថភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំ ជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយសមត្ថភាព ជាពិសេសយុវជន ដើម្បីចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវបន្តថា លទ្ធផលសម្រេចពេលនេះ គឺស្តែងឲ្យឃើញពីអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ មាតា-បិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបានសហការជួយបង្កលក្ខណៈល្អប្រសើរក្នុងការជំរុញការសិក្សារបស់សិស្សដើម្បីកសាងប្រទេសជាតិប្រកបដោយគុណភាព។
លោកជំទាវបានណែនាំដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀតទាំងមុខជំនាញបច្ចេកទេសនិងភាសារបរទេសដើម្បីទទួលជោគជ័យលើការសិក្សាដែលយើងចង់បាន និងយកមកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលឲ្យមានការរីកចម្រើនថែមទៀត ។
តាមការបញ្ជាក់ពីលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយសិស្សដែលត្រូវបានប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥កន្លងទៅនេះ មានចំនួន ៣៣៩នាក់ ស្រី ១៨១នាក់ ក្នុងនោះ វិទ្យាល័យ ហ៊ុន សែន ត្បែង ចំនួន ២៦៩នាក់ ស្រី ៨៨នាក់ និងវិទ្យាល័យ ទួល ក្បាល ចំនួន ១៧០នាក់ ស្រី ៩៣នាក់ បានប្រឡងជាប់ ចំនួន ៣០០នាក់ ស្រី ១៦៩នាក់ ក្នុងនោះ វិទ្យាល័យ ហ៊ុន សែន ត្បែង ចំនួន ១៤៦នាក់ ស្រី ៨០នាក់ និងវិទ្យាល័យ ទួល ក្បាល ចំនួន ១៥៤នាក់ ស្រី ៨៦នាក់ ស្មើនឹងចំនួន៩១.៩១%(ធ្លាក់ ចំនួន ៣៩នាក់ ស្រី ១៥នាក់) ក្នុងចំណោមសិស្សដែលបានប្រឡងជាប់នោះ មានសិស្សទទួលបាន និទ្ទេសAចំនួន ០១នាក់ ស្រី ០១នាក់ មកពី វិទ្យាល័យ ទួលក្បិល និងសិស្សនិទ្ទេស B ចំនួន ១៥នាក់ ស្រី ០៦នាក់ មកពីវិទ្យាល័យ ហ៊ុន សែន ត្បែង ចំនួន ០៥នាក់ ស្រី ០២នាក់ និង វិទ្យាល័យ ទួលក្បិល ចំនួន ១០នាក់ ស្រី ០៤នាក់៕


















