ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាតំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំលើកទី១៦ នៃអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD 16) ដែលប្រារព្ធឡើងនៅវិមានប្រជាជាតិ (Palais des Nations) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ក្រោមប្រធានបទ៖ «កំណត់អំពីអនាគត៖ ការជំរុញការផ្លាស់ប្តូររបត់សេដ្ឋកិច្ ចសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយសមធម៌ បរិយាប័ន្ន និងនិរន្តរភាព»។
ស្របគ្នានឹងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា បានអញ្ជើញចូលរួមនៅក្នុងកិច្ចសន្ទនាថ្នាក់ដឹកនាំ ដែលត្រូវបានចូលរួមដោយ ប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី សេដ្ឋវិទូលំដាប់កំពូល វិនិយោគិនដែលមានឥទ្ធិពល និងអ្នករៀបចំគោលនយោបាយមកពីស្ថាប័នជាតិ និងអន្តរជាតិល្បីៗលើពិភពលោក ប្រមាណជាង ១៥០០នាក់ ដើម្បីពិភាក្សាអំពីនិន្នាការសកល និងទស្សនៈគោលនយោបាយស្តីពីពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍន៍ និងសេដ្ឋកិច្ចឌីជីថល៕
















