រាជរដ្ឋាភិបាលជប៉ុន បានប្រកាសស្វាគមន៍ចំពោះការសម្រេចបានសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។ រាជរដ្ឋាភិបាលជប៉ុន បានគូសរំលេចថា ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។
លោក Motegi Toshimitsu រដ្ឋមន្ត្រីការបរទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែន ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ក្រោមវត្តមានរបស់លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានគូសរំលេចថា កិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពដ៏ជាក់ស្តែង និងច្បាស់លាស់នៃការឈប់បាញ់ដែលបានសម្រេចកន្លងមករវាងប្រទេសកម្ពុជា និងថៃ។ ប្រទេសជប៉ុនសង្ឃឹមថា ភាពតានតឹងរវាងប្រទេសទាំងពីរនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការអនុវត្តដ៏ម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងនេះ។
លោករដ្ឋមន្ត្រីការបរទេស បានបន្ថែមថា ប្រទេសជប៉ុនក៏សូមសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ដែលបានខំប្តេជ្ញាក្នុងការស្ថាបនាទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងនេះ។
លោក Motegi Toshimitsu បានសង្កត់ធ្ងន់ថា ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។
ក្នុងន័យនេះ រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធនានា ដូចជាការផ្តល់សម្ភារៈ ដល់ប្រទេសម៉ាឡេស៊ីដែលដឹកនាំក្រុមអ្នកសង្កេតការណ៍បទឈប់បាញ់តាមរយៈជំនួយសន្តិសុខផ្លូវការ(OSA)របស់ប្រទេសជប៉ុន ដោយឆ្ពោះទៅរកការរក្សានិងពង្រឹងសន្តិភាពរយៈពេលមធ្យមនិងវែង៕







