ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ចាត់ទុកជើងហោះរវាងរាជធានីភ្នំពេញ និងតូក្យូ ជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្ត ដ៏សំខាន់ជំរុញទេសចរណ៍ប្រទេសទាំងពីរ


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធជើងហោះហើររវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាអាកាសយានដ្ឋានអន្តរជាតិតេជា។

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃជប៉ុនប្រចាំកម្ពុជា, លោក Zhan David នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) លោក លោកស្រីជាថ្នាក់ដឹកនាំពីស្ថាប័នរដ្ឋ និងឯកជន ភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

តាមរយៈការទទួលស្វាគមន៍ជើងហោះហើរដំបូង រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូរបស់ក្រុមហ៊ុនហោះហេីរ Air Cambodia ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ថា ថ្ងៃនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។ ការចាប់ផ្តើមបើកបរសេវាការហោះហើរដោយផ្ទាល់នេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរ និងអ្នកវិនិយោគពីប្រទេសទាំងពីរងាយស្រួល និងឆាប់រហ័សជាងមុន។ វាបង្ហាញពីមិត្តភាពដ៏រឹងមាំរបស់ប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា តាមរយៈបណ្តាញហោះហើរថ្មីនេះ កម្ពុជារំពឹងថា នឹងមានភ្ញៀវជប៉ុនមកទស្សនាកម្ពុជាច្រើនឡើង ដើម្បីស្គាល់វប្បធម៌ សម្បត្តិធម្មជាតិ និងការស្វាគមន៍ដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា និងជាឱកាសសម្រាប់ប្រជាជនកម្ពុជាទៅទស្សនាប្រទេសជប៉ុនផងដែរ។

បើតាមការលើកឡើងរបស់ឯកឧត្តម ហួត ហាក់, ក្រសួងទេសចរណ៍ នឹងបន្តសហការជិតស្និទ្ធជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល ដៃគូជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ និងសេវាហោះហើរផ្ទាល់បន្ថែមទៀត និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ដល់ភ្ញៀវទេសចរជប៉ុនទាំងអស់ និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត៕