ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃ អំពីស្ថានភាពទឹកជំនន់បឹងទន្លេសាប ដើមរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រាំងប្រជាកសិករ នៅឃុំមេទឹក ស្រុកបាកាន ដើម្បីត្រៀមរៀបចំស្នើសុំអន្តរាគមន៍ស្រូវពូជ សម្រាប់ដាំស្តារឡើងវិញនៅពេលទឹកស្រក។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ក្រោយពីការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ជាក់ស្តែង យើងឃើញថា ដំណាំស្រូវទាំងអស់ អាចនឹងប្រឈមការខូចខាតទាំងស្រុង ព្រោះថាស្ថានភាពទឹកបឹងទន្លេសាប ក៏នៅឡើង និងអាចជន់លិចរយៈពេលយូរទៀតផងដែរ។
ឯកឧត្តមបានបន្ថែមថា នៅចំពោះមុខនេះ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គឺយើងត្រៀមរៀបចំធ្វើរបាយការណ៍ ដើម្បីស្នើសុំអន្តរាគមន៍ស្រូវពូជ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ឱ្យបងប្អូនកសិករយើង មានលទ្ធភាពស្តារឡើងវិញនៅពេលទឹកស្រក។
ជាមួយគ្នានោះ ឯកឧត្តមបានផ្តាំផ្ញើ ជូនចំពោះបងប្អូនប្រជាកសិករ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវ ឬដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។
គួរជម្រាបជូនថា ការងារបង្កបង្កើនផលដំណាំស្រូវរដូវវស្សា ឆ្នាំ២០២៥ សម្រេចបានសរុប ចំនួន១៦៧,០៤៧ហិកតា ស្មើនឹង ១២២,៨៣% នៃផែនការ ចំនួន១៣៦,០០០ហិកតា និងផ្ទៃដីប្រមូលផលស្រូវ សរុបបានចំនួន៩២,៥៥០ហិកតា ស្មើនឹង ៥៥,៤២% នៃផ្ទៃដីដែលត្រូវប្រមូលផល សរុបចំនួន១៦៦, ៩៩៥ហិកតា។
ចាប់ពីដើមខែតុលា ឆ្នាំ២០២៥ ក្នុងខេត្តពោធិ៍សាត់ ទទួលរងនូវជំនន់ទឹកបឹងទន្លេសាប ដែលមានការកើនឡើង ជាលំដាប់ដែលធ្វើឱ្យឃុំចំនួន៥ នៃស្រុកបាកាន (មានឃុំស្នាមព្រះ ឃុំបឹងបត់កណ្តោល ឃុំមេទឹក ឃុំអូរតាប៉ោង និងឃុំបឹងខ្នារ), ឃុំចំនួន៥ នៃស្រុកកណ្តៀង (ឃុំស្វាយលួង អន្លង់វិល កញ្ជរ ស្រែស្តុក និងឃុំកោះជុំ) និងឃុំចំនួន៦ នៃស្រុកក្រគរ (ឃុំអន្សាចំបក់ក្បាល ត្រាច អន្លង់ត្នោត ស្នាអន្សា អូរសណ្តាន់ និងឃុំកំពង់ពោធិ៍) ដែលនៅជាប់នឹងបឹងទន្លេសាប បានទទួលរងនូវផលប៉ះពាល់ដំណាំស្រូវវស្សា ដែលបានធ្វើការដាំដុះ លើកទី២ (វគ្គលូតលាស់ ចេញផ្កា និងវគ្គប្រមូលផល) ក្នុងនោះផ្ទៃដីរងផលប៉ះពាល់ សរុបចំនួន៥,០២២ហិកតា ស្មើនឹង៧,៩៨% នៃផ្ទៃដីអនុវត្ត សរុបចំនួន៦២,៩៦០ហិកតា ស្មើនឹង៦១ភូមិ លើ៣,១៣៦គ្រួសារ ក្នុងនោះរួមមាន៖
ទី១-ស្រុកបាកាន៖ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១,៨០០ហិកតា ស្មើនឹង៦,៣៦% នៃផ្ទៃដីអនុវត្ត សរុបចំនួន២៨,២៨៥ហិកតា មាន១៤ភូមិ ស្មើ៩៦៣គ្រួសារ ហើយអាចនឹងប្រឈមការខូចខាតទាំងស្រុង សរុបប្រមាណចំនួន ១២០៨ហិកតា ស្មើនឹងចំនួន៦៨៣គ្រួសារ។
ទី២-ស្រុកកណ្តៀង៖ ផ្ទៃដីរងផលប៉ះពាល់ដំណាំស្រូវ សរុបចំនួន១,១៩៨ហិកតា ស្មើនឹង៤,៨៤% នៃផ្ទៃដីអនុវត្ត សរុបចំនួន ៣១,១៤៣ហិកតា មាន២៩ភូមិ ស្មើនឹង៦២០គ្រួសារ (មន្ទីរកំពុង បន្តពិនិត្យវាយតម្លៃផលខូចខាត ជាមួយអជ្ញាធរមូលដ្ឋាន)។
ទី៣-ស្រុកក្រគរ៖ ផ្ទៃដីរងលប៉ះពាល់ដំណាំស្រូវ សរុបចំនួន២,០២៤ហិកតា ស្មើ២០,៣៦% នៃផ្ទៃដីអនុវត្ត សរុបចំនួន៩,៩៤០ហិកតា មាន១៨ភូមិ ស្មើ១,៥៥៣គ្រួសារ។ មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរ ស្រុក ឃុំ ភូមិ កំពុងសហការណ៍គ្នាចុះតាមដាន និងវាយតម្លៃពីស្ថានភាពដំណាំស្រូវជាក់ ស្តែងក្នុងតំបន់នីមួយៗជាបន្ត ៕























