សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្រេចបានសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ ព្រមទាំងសេចក្តីថ្លែងការណ៍ពាណិជ្ជកម្ម ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
តាមរយៈលិខិត សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះ៖ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមជាមួយប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងរាជរដ្ឋាភិបាលកម្ពុជា សម្តែងនូវអំណរសាទរយ៉ាងក្រៃលែងចំពោះការសម្រេចបានសមិទ្ធផលសំខាន់ៗជូនជាតិ និងប្រជាជន រួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។
សមិទ្ធផលគួរឱ្យស្ញប់ស្ញែងនេះ មិនត្រឹមតែបង្ហាញដល់សហគមន៍ជាតិ និងអន្តរជាតអំពីសមត្ថភាព និងភាពជាអ្នកដឹកនាំប្រកបដោយថាមវន្តរបស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញទៅកាន់សកលលោកនូវភាពចាស់ទុំខាងនយោបាយ និងកិត្យានុភាពរបស់កម្ពុជា ក្នុងនាមជារដ្ឋអធិបតេយ្យដែលស្រលាញ់ ជឿជាក់ និងតម្កល់តម្លៃខ្ពស់លើសន្តិភាព ក្នុងការនាំមកនូវវិបុលភាព សម្រាប់សង្គមជាតិរបស់ខ្លួន ព្រមទាំងបន្តរួមចំណែកដល់ការកសាងតំបន់ និងសកលលោកប្រកបដោយវឌ្ឍនភាព ភាពសុខដុមរមនា និងមិត្តភាព ឈរលើគុណតម្លៃនៃសន្តិភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក។
ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្ត ប្រកបដោយស្មារតីស្នេហាជាតិដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារតស៊ូយ៉ាងស្វិតស្វាញទាំងលើសមរភូមិប្រយុទ្ធ និងសមរភូមិការទូត រហូតសម្រេច បាននូវលទ្ធផលគួរជាទីមោទនៈបម្រើដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ខ្ញុំមានក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដ៏ត្រចះត្រចង់នេះនឹងដើរតួនាទីជាចលករយ៉ាងសំខាន់ ក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីឈានទៅដោះស្រាយបញ្ហាផ្សេងៗទៀតជាមួយភាគីថៃ ផ្អែកតាមច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់កាលានុវត្តភាពដល់កម្ពុជា ក្នុងការបន្តដំណើរនៅលើមាគ៌ាអភិវឌ្ឍរបស់ខ្លួន ឈានទៅសម្រេចបានគោលដៅដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ សំដៅជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ជាថ្មីម្តងទៀត ជាមួយនឹងអំណរសាទរប្រកបដោយមោទនភាពនេះ ខ្ញុំសូមគោរពជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសមាជិក សមាជិកានៃរាជរដ្ឋាភិបាល សូមមានសុខភាពល្អបរិបូរណ៌ សុភមង្គល និងជ័យជម្នះលើគ្រប់ភារកិច្ចក្នុងបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ»៕
ខាងក្រោមនេះជាលិខិតអបអរសាទររបស់សម្តេចក្រឡាហោម ស ខេង៖


