ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានបង្ហាញការហួសចិត្ត ក្នុងគ្រាដែលប្រទេសកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ បែជាមានក្រុមអ្នកប្រឆាំងមួយក្ដាប់តូចនៅក្រៅប្រទេស មិនចូលរួមពង្រឹងសាមគ្គីជាតិ តែបែជាទៅរួមដៃជាមួយបរទេសដើម្បីញុះញង់ បំបែកបំបាក់កម្លាំងសាមគ្គីជាតិទៅវិញដូចពាក្យចាស់ថា ហុចដងដាវទៅឲ្យសត្រូវ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឲ្យដឹងថា សន្តិភាពគឺជាបេះដូងរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ នៃប្រទេសកម្ពុជា ដែលមានសម្ដេចតេរជោ ហ៊ុន សែន ជាអ្នកកសាងសន្តិភាពឲ្យកើតមាននៅក្នុងប្រទេសកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាអ្នកដឹកនាំជំនាន់ក្រោយ ដែលខិតខំថែរក្សាសន្តិភាពដែលបានមកដោយការលះបង់យ៉ាងខ្ពស់របស់ថ្នាក់ដឹកនាំជំនាន់មុន។
ឯកឧត្តម បន្តថា ខណៈដែលដំណើរដោះស្រាយបញ្ហាព្រំដែននៅវែងឆ្ងាយទៅមុខទៀត ឯកឧត្តម សូមអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ ឲ្យនៅតែបន្តសាមគ្គីជាតិ និងមានទំនុកចិត្តលើរដ្ឋាភិបាល ពិសេសលើថ្នាក់ដឹកនាំ។




