ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញបំពេញទស្សនកិច្ចនៅការិយាល័យកណ្តាលនៃក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅ ការិយាល័យកណ្តាលនៃ ក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា ដើម្បីសិក្សាស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធការងារបែបទំនើប និងប្រតិបត្តិការប្រចាំថ្ងៃ ក្រោមការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ លោកនាយកប្រតិបត្តិ Phil Withering ព្រមទាំងបន្តដោយកិច្ចពិភាក្សាការងារតុមូលជាមួយស្ថាប័នជាដៃគូរបស់ Manulife និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

នៅក្នុងកិច្ចពិភាក្សាការងារតុមូលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Sara Wilshaw ជំនួយការជាន់ខ្ពស់អមអនុរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងជាឧត្តមស្នងការពាណិជ្ជកម្ម នៃក្រសួងកិច្ចការសកលរបស់កាណាដា (Global Affair Canada – GAC) ព្រមទាំងថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធរួមមាន៖ ធនាគារជាតិនៃកាណាដា (National Bank of Cananda – NBC), ក្រុមហ៊ុនសាជីវកម្ម Manulife Financial Corporation និងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC)។

គោលបំណងសំខាន់ៗ របស់កិច្ច្ចពិភាក្សាការងារតុមូលនេះ រួមមានជាអាទិ៍ ៖ (១) ការអភិវឌ្ឍទំនាក់ទំនង លើកកម្ពស់កិច្ចសន្ទនាស្តីពីយុទ្ធសាស្ត្រជាក់ស្តែង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីរវាងកាណាដា និងកម្ពុជា, (២) ការទាក់ទាញវិនិយោគ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលវិនិយោគនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិយាកាសធុរកិច្ច, និង (៣) ការស្វែងរកឱកាសដើម្បីចែករំលែកជំនាញបច្ចេកទេសរបស់កាណាដាទៅកម្ពុជា សំដៅអភិវឌ្ឍមូលធនមនុស្សឱ្យសមស្របទៅនឹងតម្រូវការរបស់ធុរកិច្ច ជាពិសេសក្នុងវិស័យអាទិភាព។

កិច្ចពិភាក្សាការងារតុមូលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានរៀបចំឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និងកាណាដា ជាពិសេសក្នុងក្របខណ្ឌនៃ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កាណាដា (Canada’s Indo-Pacific Strategy)។ តាមរយៈកិច្ចពិភាក្សានេះដែរ បានឆ្លុះបញ្ចាំងឱ្យឃើញពីនិន្នាការវិជ្ជមាន និងការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងកាណាដា ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត។

គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រី Sara Wilshaw បានអញ្ជើញដឹកនាំគណៈប្រតិភូនៃ បេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដាឆ្នាំ២០២៥ (2025 Team Canada Trade Mission – TCTM) មកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនោះគឺជាបេសកកម្មដ៏សំខាន់មួយក្រោមយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រពិពិធកម្មពាណិជ្ជកម្មរបស់កាណាដា ជាមួយគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគ ឱកាសពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតភាពជាដៃគូរយៈពេលវែងប្រកបដោយបរិយាប័ន្ន នៅក្នុងវិស័យពាក់ព័ន្ធសំខាន់ៗ៕