នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមជាផ្លូរការ នៅសណ្ឋាគារ Shangri-la រាជធានីភ្នំពេញ។
ពិធីបើកកិច្ចប្រជុំកំពូលនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រមទាំងមានការពីសំណាក់ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសជាមិត្តមួយចំនួន និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញជាតិ អន្តរជាតិជាច្រើនជាច្រើនរូបទៀត។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានថ្លែងសន្ទរកថាបើកអំពីការជំរុញកំណើនបៃតង និងឱកាស, ខណៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងសន្ទករគន្លឹះបើកកិច្ចប្រជុំទី១ លើគោលនយោបាយ និងការចូលរួមរបស់ប្រទេសកម្ពុជា ក្នុងការគាំទ្រចីរភាពអាកាសធាតុ។
*សម្រាប់កិច្ចកិច្ចប្រជុំតុមូលទី១៖ ស្តីពីការជំរុញនិរន្តភាព និងការពន្លឿនសកម្មភាពអាកាសធាតុ ដំណោះស្រាយ សម្រាប់ភពផែនដី។
នៅពេលរសៀលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលបន្ទុកសេដ្ឋកិច្ច និងពិពិធកម្មពាណិជ្ជកម្ម នឹងថ្លែងសន្ទរកថា ពិសេសអំពី៖ ការបើកទីផ្សាររបស់កម្ពុជាសម្រាប់សេដ្ឋកិច្ចបៃតង ឱឧកាសសម្រាប់ការវិនិយោគបៃតង និងអាជីវកម្មប្រកបដោយចីរភាព។ ខណៈឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ នឹងថ្លែងសន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី២៖ ការជំរុញនវានុវត្តន៍ និងឧស្សាហូបនីយកម្មប្រកបដោយចីរភាព។
*កិច្ចប្រជុំតុមូលទី២៖ ការលើកម្ពស់ចក្រាភាព និងក្របខណ្ឌបរិស្ថាន សង្គម និងអភិបាលកិច្ច បញ្ហាប្រឈម និងឱកាសក្នុងសេដ្ឋកិច្ចចក្រា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន។ ព្រមទាំងកិច្ចប្រជុំតុមូលទី៣៖ ការសម្រេចបានគោលដៅនៃការបំភាយឧស្ម័នសូន្យសុទ្ធ – ការគ្រប់គ្រង ការផ្លាស់ប្តូរថាមពល។
ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គោលដៅអភិវឌ្ឍន៍ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីសម្រេចឱ្យបានពេញលេញនូវចក្ខុវិស័យរបស់កម្ពុជា ប្រកបដោយភាពស្អាត បៃតង និងចីរភាព និងបញ្ជាក់ពីការចូលរួមរបស់កម្ពុជា ក្នុងការឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
កិច្ចប្រជុំនេះក៏មានការដាក់តាំងពិព័រណ៍បង្ហាញពីជម្រើសឈានឆ្ពោះទៅរកដំណោះស្រាយដោយនិរន្តរភាព ឆ្លើយតបនឹងបញ្ហាប្រឈមសកលដែលចូលរួម ចំណែកដល់ ប្រសិទ្ធភាពក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួង ស្ថាប័នដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុន សហគ្រាស សមាគម និងអង្គការដៃគូសហការនានាផងដែរ៕




























 
		
		
		 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					 
					