អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកបវសនកាល ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ និងទិវាដឹងគុណគ្រូបងៀន នៅវិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ដែលពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស និងសិក្សានុសិស្សសរុបប្រមាណជាជិត ៣,០០០នាក់។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបតាមរយៈការដាក់ចេញ នូវកិច្ចការអាទិភាព មួយចំនួនរួមមាន៖ ការពង្រឹង និងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។
បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការគន្លឹះ ដើម្បីដោះស្រាយបញ្ហាប្រឈមជាអាទិភាពនៃរដ្ឋបាលសាធារណៈដោយផ្ដោតសំខាន់លើការពង្រឹងគុណភាព ប្រសិទ្ធភាពសេវាអប់រំ និងសេវាសុខាភិបាលនៅមូលដ្ឋាន។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្សត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀន “គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្តាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសកូនចៅឱ្យដើរទៅតាមផ្លូវត្រូវ។ ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ផងដែរថា ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាកត្តាដែលបង្កើតឱ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខផ្សេងៗ។
ដូច្នេះមាតាបិតា ឬអាណាព្យាបាល ត្រូវជួយគ្រប់គ្រងអប់រំកូនចៅឱ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់នៃការកម្សាន្តជាមួយគ្រួសារ មិត្តភ័ក្ត្រត្រឹមត្រូវ មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ដែលមានចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈជាមូលដ្ឋានសំខាន់បំផុតសម្រាប់ឈោនទៅរកអនាគតត្រចះត្រចង់៕














