រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ


ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធទិវាបុណ្យខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៥ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្តូប) ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ប្រារព្ធធ្វើឡើងក្នុងន័យរម្លឹកនូវឧបការៈគុណដ៏ឧត្តុងឧត្តមថ្លៃថ្លាបំផុតរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតា ឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គជាព្រះបិតាសន្តិភាពបានបង្រួបបង្រួម និងផ្សះផ្សារជាតិកម្ពុជាទាំងមូលនឹងដណ្ដើមបានទាំងស្រុងនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំងវិញ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

សូមបញ្ជាក់ថា ការប្រារព្ធពិធីនេះ ក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះមន្ត្រីសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធាន អនុប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានផ្នែកចំណុះសាលាខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលនៃគណៈអភិបាលក្រុង ស្រុកទាំង១៣ នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយឬទ្ធិ គរុសិស្ស និងតំណាងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ សហគ្រិនវិស័យឯកជន សរុបចំនួនប្រមាណ ៥២១អង្គ/រូបផងដែរ៕