រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា


រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំង ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ។

ពិធីនេះបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាព ឯកឧត្តម ឌៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការអង្គភាពមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។

នៅក្នុងពិធីនេះផងដែរឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា ការចងចាំព្រះរាជស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ និងការប្ដេជ្ញាចិត្តបន្តដើរតាមមាគ៌ា ដែលព្រះអង្គបានត្រួសត្រាយសម្រាប់សន្តិភាពសាមគ្គីភាពនិងការអភិវឌ្ឍជាតិ ពិធីនេះក៏ជាឱកាសរំលឹកដល់វីរភាពរបស់កងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងដែរ។

ឯកឧត្តមបន្តឲ្យដឹងទៀតថា ទិវាបុណ្យឯករាជ្យជាតិ ក៏ជាការរំលឹកអំពីការលំបាកដែលកម្ពុជា បានឆ្លងកាត់រួមទាំងការដាក់អាណានិគមដោយបារាំង សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជា កំពុងអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោយមានការរំដោះចេញពីរបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះ។ សមិទ្ធផលសំខាន់ៗ ដែលសម្រេចបានរួមមាន ការកសាងសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សមិទ្ធផលទាំងនេះមិនមែនបានមកដោយចៃដន្យនោះទេ តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន និងបន្តវេនដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តន៍កម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម ព្រមទាំងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចខ្ពស់ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម នួន ផារ័ត្ន បានសម្ដែងនូវការដឹងគុណដោយស្មោះចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលបានលះបង់សាច់ញាតិជាទីស្រលាញ់របស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិគ្រប់ជំនាន់ និងសូមផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនគ្រប់រូបរួមមានយុទ្ធជនពលី មរណៈ ពិការ យោធិនចូលនិវត្តន៍ យោធិនបាត់បង់សមត្ថភាពការងារ និងសមាគមអតីតយុទ្ធជនខេត្តកំពង់ធំផងដែរ៕