រដ្ឋបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រារព្ធមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ដើម្បីរំលឹកដល់ការទទួលបានឯករាជ្យពេញលេញ ពីអាណានិគមនិយមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជភោជនីយកិច្ច ដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ចុង ណារ៉ុង ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង និងមានការចូលរួមពីលោក លោកជំទាវ អភិបាលរងខេត្ត មន្ត្រីរាជការ គ្រប់អង្គភាពមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
នៅក្នុងឱកាសនេះ លោកជំទាវ ឈី វ៉ា បានថ្លែងបញ្ជាក់ពីលើសារៈសំខាន់នៃការចងចាំព្រះរាជស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ និងការប្ដេជ្ញាចិត្តបន្តដើរតាមមាគ៌ា ដែលព្រះអង្គបានត្រួសត្រាយសម្រាប់សន្តិភាពសាមគ្គីភាពនិងការអភិវឌ្ឍជាតិ។
លោកជំទាវ ឈី វ៉ា បានថ្លែងបន្តឲ្យដឹងទៀតថា ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ក៏ជាការរំលឹកអំពីការលំបាកដែលកម្ពុជា បានឆ្លងកាត់រួមទាំងការដាក់អាណានិគមដោយបារាំង រយៈពេលជិត ១សតវត្ស សង្គ្រាមស៊ីវិលនិងរបបប្រល័យពូជសា សន៍ ប៉ុល ពត។ ទោះជាយ៉ាងណាក៏ដោយកម្ពុជា និងកំពុងធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោយមានការរំដោះចេញពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះហើយសមិទ្ធផលសំខាន់ៗដែលសម្រេចបានរួមមានការកសាងសន្តិភាព ស្ថេរភាពនយោបាយការអភិវឌ្ឍសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សមិទ្ធផលទាំងនេះមិនមែនបានមកដោយចៃដន្យនោះទេ តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន និងបន្តវេនដោយសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របច្ចុកោណដំណាក់កាលទី១ ដែលមានហេដ្ឋារចនា មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបបដិវត្តន៍ឧស្សាហ៍កម្មទី៤ និងបរិវត្តន៍កម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គមព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចឲ្យកាន់ខ្ពស់ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីឲ្យប្រទេសជាតិកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត៕





















