នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញប្រគល់ផ្ទះជូនពលរដ្ឋឈ្មោះ នួន សុភី អាយុ៥២ឆ្នាំ ស្រ្តីមេម៉ាយ ផ្ទះត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់កាលពីពេលកន្លងទៅ និងមានជីវភាពលំបាក នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី នួម សុភ័ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាក្រុង សង្កាត់ ភូមិ ក្រុមការងារយុវជនប្រជាពលរដ្ឋបានចូលរួមផងដែរ។
សូមបញ្ជាក់ថា ដោយពិនិត្យឃើញថា គ្រួសារលោកស្រី នួន សុភី អាយុ៥២ឆ្នាំ មានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់ ជាស្ត្រីមេម៉ាយ រស់នៅក្នុងសភាពក្រីក្រ និងផ្ទះរបស់គាត់ត្រូវបានរងគ្រោះដោយដើមឈើរលំសង្កត់ បាក់សំយ៉ាបខាង មុខកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន៩នាក់ ស្រី៤នាក់។
គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការចាប់ផ្តើមសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៣.៨ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ងត៍ (សាប)សង់ផ្ទាល់ដី (ផ្ទះតៀម) ដោយបានចាប់ផ្តើមសង់នៅថ្ងៃទី១៦ ខែតុលា និងបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ មានរយៈពេល៤ថ្ងៃ បានរួចរាល់ជាស្ថាពរ។
ផ្ទះថ្មីខាងលេីនេះ គឺជាផ្ទះមនុស្សធម៌របស់សាខាមានលក្ខណៈសមរម្យ រឹងមាំ ដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហេីយក៏ជាផ្ទះទី២៤ហេីយ ដែលបានសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះ ជម្រកស្នាក់នៅ នេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា៕
















