(កំពង់ចាម): នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឱ្យប្រតិភូ ក្រុមការងារក្រសួងទេសចរណ៍ ដឹកនាំដោយលោក ម៉ែន ភារម្យ អគ្គនាយករងនៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដេីម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយចំនួនក្នុងខេត្តកំពង់ចាម។ បើតាមលោក ម៉ែន ភារម្យ អគ្គនាយករងនៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា ក្រុមការងារក្រសួងទេសចរណ៍ ដោយបានកិច្ចសហការជាមួយក្រុមហ៊ុន វីភី ស្មាត (VP.Start Technology co.,LTD) ស្នើសុំការឯកភាព និងគាំទ្រពី ឯកឧត្តម អភិបាលខេត្ត ដើម្បីដឹកនាំក្រុមការងារចុះរៀបចំឯកសារវិធានគន្លឹះអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទនរគបាជ័យ និងតំបន់កោះប៉ែន រួមនិងការចុះសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មាន ការផ្តិតយករូបភាព ពីទីតាំងរមណីយដ្ឋានប្រាសាទនគរបាជ័យ និងតំបន់ទេសចរណ៍ធម្មជាតិ កោះប៉ែន ផងដែរ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមការងារក្រសួងទេសចរណ៍ និងក្រុមហ៊ុន វីភី ស្មាត ដែលបានមកបំពេញទស្សនកិច្ចការងារនៅលើទឹកដីខេត្តកំពង់ចាម នាឱកាសនេះ។ ឯកឧត្តម អភិបាលខេត្ត សូមធ្វើការគាំទ្រលើបេសកកម្មនេះ ហើយក៏បានចាត់ឱ្យអភិបាលរងខេត្ត ១រូប រួមនឹងមន្ទីរទេសចរណ៍ សហការចូលរួមបំពេញការងារខាងលើឱ្យទទួលបានជោគជ័យ៕










