ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិកា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត ត្រូវបន្តពង្រឹង របៀបរបបបំពេញការងារ និងទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ច មន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រមទាំងបន្តខិតខំកៀរគរស្វែងរកការគាំទ្រ ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងមនុស្សធម៌ សម្រាប់ជួយដល់ជនងាយរងគ្រោះ ចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងឱ្យជាប់ជាប្រចាំ។
ការណែនាំរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់សមាសភាព របស់គណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវ សុខា គងពិសី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ជូនដល់បងប្អូនទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ។ លោកស្រី សុខា គងពិសី ក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម ស្មោះត្រង់ និងដោយឆន្ទៈ ក្នុងការចូលរួមការងារសង្គម រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ព្រមទាំងបានថ្លែងអំណរគុណដល់លោក គីម រិទ្ធី ដែលបានផ្ដល់នូវអនុសាសន៍ល្អៗ ដើម្បីជំរុញការងារសមាគមនារីខេត្តឱ្យកាន់តែមានភាពជោគជ័យ។
ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានសម្ដែងនូវការចូលរួមអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី សុខា គងពិសី ប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកា សមាគមទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តដឹកនាំសមាគមយ៉ាងសកម្មរហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សមភាពយេនឌ័រ សិទ្ធិរបស់ស្ត្រី និងក្មេងស្រី ក៏ដូចជា បង្កើនចំនួនស្ត្រីនៅក្នុងមុខតំណែងគ្រប់គ្រង ក្នុងរចនាសម្ព័ន្ធរដ្ឋបាល។
ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារី ឱ្យបន្តអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ នៅតាមក្រុង ស្រុក ឃុំ សង្កាត់ លេីការងារមនុស្សធម៌ ការងារសង្គម និងការងារផ្សព្វផ្សាយសុខភាព អនាម័យ ជូនដល់ស្ត្រី និងប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តទាំងអស់ នូវការងារអាទិភាពមួយចំនួនទៀត គឺត្រូវបន្តពង្រឹងរបៀបរបបបំពេញការងារ និងទំនាក់ទំនងល្អ ជាមួយអាជ្ញាធរ សមត្ថកិច្ច មន្ទីរ អង្គភាព និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រមទាំងបន្ត ខិតខំកៀរគរស្វែងរកការគាំទ្រ ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងមនុស្សធម៌ សម្រាប់ជួយដល់ជនងាយរងគ្រោះ ចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងឱ្យជាប់ជាប្រចាំ។
ក្នុងឱកាសដ៏សំខាន់នេះដែរ ឯកឧត្តម គីម រិទ្ធី ក៏បានផ្ដល់ប្រាក់វិភាគទានផ្ទាល់ខ្លួនជួយទ្រទ្រង់ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ចំនួន ១០លានរៀល ដោយឡែកលោកស្រី សុខា គងពិសី ក៏បានប្រកាសឧបត្ថម្ភគាំទ្រនូវទឹកប្រាក់ ១លានរៀល ក្នុងមួយខែ សម្រាប់ជាថវិកាប្រតិបត្តិការ និងការងារមនុស្សធម៌របស់សាខាសមាគមផងដែរ៕






















