ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោក តាកាហាស៊ី ហ្វូមីអាគី (TAKASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួង។
ក្នុងឱកាសនៃជំនួប លោកប្រធានសមាគម បានសន្យាដឹកនាំប្រតិភូជាអ្នកវិនិយោគិនជប៉ុនធំៗ មកពិនិត្យសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគនៅប្រទេសកម្ពុជា និងបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុនឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជប៉ុន និងអន្តរជាតិមកកម្ពុជា ស្របពេលដែលមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរាជធានីតូក្យូ។
ជាមួយគ្នានេះ ភាគីទាំងពីរ បានយល់ស្រប និងឯកភាពបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការពិនិត្យលទ្ធភាពរៀបចំបើកវគ្គបដិសណ្ឋារកិច្ចបែបជប៉ុន ការជំរុញការទាក់ទាញវិនិយោគិនធំៗ ពីប្រទេសជប៉ុនមកវិនិយោគលើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅប្រទេសកម្ពុជា ជាពិសេសគឺការនាំវិនិយោគិនមកវិនិយោគលើការផលិតវត្ថុអនុស្សាវីរិយ៍មានគុណភាពខ្ពស់នៅប្រទេសកម្ពុជា៕











