សម្ដេចតេជោ ហ៊ុន សែន៖ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ គឺជាការកាត់ផ្ដាច់ការតភ្ជាប់អាស៊ាន អាស៊ីបូព៌ា និងអាស៊ី


សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា នៅរាល់កិច្ចប្រជុំក្នុងតំបន់ គេតែងតែនិយាយអំពីការតភ្ជាប់ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ គឺជាការកាត់ផ្ដាច់ការតភ្ជាប់អាស៊ាន អាស៊ីបូព៌ា និងអាស៊ី ពោលគឺមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ត្រឹមកម្ពុជា-ថៃ នោះទេ។ ការថ្លែងរបស់សម្ដេចតេជោ ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «រឿងកាត់ផ្ដាច់រៀងរាល់ការប្រជុំ មិនថាប្រជុំអន្តរជាតិខ្នាតណាទេ អនុតំបន់មេគង្គ ឬ JMS, គណកម្ម,ការមេគង្គ, CLMV, អាស៊ាន, អាស៊ីបូព៌ា ឬទូទាំងពិភពលោក តែងនិយាយពីការតភ្ជាប់ ប៉ុន្តែឥលូវការតភ្ជាប់វាបាត់បង់ហើយ។ ការដែលថៃបិទព្រំដែនជាមួយកម្ពុជា វាមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ការតភ្ជាប់រវាងកម្ពុជានិងថៃ ប៉ុណ្ណោះទេ តែវាជាការកាតផ្ដាច់ការតភ្ជាប់ក្នុ្ងងក្របខណ្ឌអាស៊ាន អាស៊ីបូព៌ា និងអាស៊ី។ […] នេះមិនមែនជាសកម្មភាពរបស់កម្ពុជាទេ! ខ្ញុំសង្ឃឹមថា ការវិលត្រឡប់ដើម្បីរកសន្តិភាព វាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពឈ្នះ-ឈ្នះ ដែលប៉ុន្មានខែទៅនេះ យើងស្ថិតនៅក្នុងស្ថានភាពចាញ់-ចាញ់។ កម្ពុជាក៏ចាញ់ ថៃក៏ចាញ់ ព្រោះប្រជាជនត្រូវជួបការលំបាក រត់លូន បន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្ម»

យ៉ាងណាក៏ដោយជុំវិញការបិទព្រំដែនកម្ពុជា-ថៃ នេះសម្ដេចក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីថៃបានបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលស្នើថៃ បើកព្រំដែនឡើងវិញឡើយ បើទៅជាបិទព្រំដែន១០០ឆ្នាំទៀត ក៏ខ្មែរមិនស្លាប់ដែរ ផ្ទុយទៅវិញ កម្ពុជានឹងមានឱកាសពង្រឹងសមត្ថភាពនៃការផ្គត់ផ្គង់ទំនិញរបស់ខ្លួន និងអាចរកប្រភពផ្សេងមកជំនួសទំនិញរបស់ថៃបាន។

គួរបញ្ជាក់ផងដែរថា ថៃបានបិទព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះបើថៃបើកវិញ កម្ពុជានឹងបើកវិញដែរ ក្នុងរយៈពេលយ៉ាងយូរ៥ម៉ោងបន្ទាប់៕