សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឆ្លើយតបចំពោះអ្នកដែលចង់ឱ្យកម្ពុជា ផ្ទុះអាវុធ ក្រោយមានហេតុការណ៍ទាហានថៃ បាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់។ បញ្ហានេះ សម្តេចបានពន្យល់ថា បើសិនជាកម្ពុជាផ្ទុះអាវុធត្រឡប់ទៅវិញ នោះនឹងមានមនុស្សស្លាប់កាន់តែច្រើនទាំងភាគីកម្ពុជា និងថៃ ហើយបទឈប់បាញ់ ក៏ដូចជា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងកូឡាឡាំពួរ នឹងត្រូវបំផ្លាញថែមទៀត។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «រឿងនៅភូមិព្រៃចាន់ គេចង់ឱ្យយើងផ្ទុះអាវុធភ្លាម ឥឡូវផ្ទុះអាវុធភ្លាម តើលទ្ធផល ចេញមករបៀបម៉េច សូមជួយឆ្លើយ គេកំពុងតែញុះឱ្យយើងដើម្បីផ្ទុះអាវុធ ផុតពីរឿងមួយដល់រឿងមួយ សូម្បីតែជំពាមកៅស៊ូក៏គេបាញ់ដែរ ពេលយប់បាញ់ស្ទើររាល់យប់ ប៉ុន្តែខាងរាជរដ្ឋាភិបាល គេណែនាំមិនឱ្យឆ្លើយតបទេ»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីមូលហេតុ ដែលកម្ពុជាប្រកាន់ខ្ជាប់នូវការអត់ធ្មត់មិនតបត ដោយសារតែប្រទេសទាំងពីរ បានឈានដល់ការអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលមានទាំងម៉ាឡេស៊ី សហរដ្ឋអាមេរិកជាសាក្សី និងមានចិន និងមិត្តភក្តិបរទេសនានា នៅលបានដឹងឮផងដែរ។ បើកម្ពុជាឆ្លងឆ្លើយហួសហេតុ វានឹងបង្កជាជម្លោះពាក្យសម្តី។
ករណីទាហានថៃ បាញ់រះមកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានកើតឡើងចំនួន២លើក កាលពីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ដោយបណ្តាលឱ្យពលរដ្ឋខ្មែរម្នាក់បាត់បង់ជីវិត និងប្រជាពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួស។ បញ្ហានេះក៏បណ្តាលឱ្យពលរដ្ឋប្រមាណ៥០០គ្រួសារត្រូវជម្លៀសពីលំនៅដ្ឋាន។
កម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើយង់ឃ្នងរបស់ទាហានថៃបែបនេះ ហើយទាមទារឱ្យភាគីថៃទទួលខុសត្រូវចំពោះការផ្ទុះអាវុធ នៅក្រោយកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ីធ្វើជាសាក្សី។
ពេលកើតរឿងភ្លាម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានទូរស័ព្ទពិភាក្សាជាមួយសម្តេចតេជោ ដោយបានបញ្ជាក់ថា ករណីនៅភូមិព្រៃចាន់ មិនមានការផ្ទុះអាវុធបន្តទេ គឺនៅត្រឹងប៉ុណ្ណោះ។ សម្តេចទាំងពីរក៏បានជ្រើសរើសយកការអនុវត្តបន្តនូវយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។
នៅក្នុងពិធីបើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖ «អ្នកដទៃបាននិយាយថា គេបាញ់សម្លាប់ប្រជាជនហើយ នៅស្ងៀមទៀត តែខ្ញុំសូមសួរត្រឡប់ទៅវិញថា បើសិនជាយើងផ្ទុះអាវុធ តើមនុស្សស្លាប់ត្រឹមម្នាក់ និងរបួស៣នាក់ហ្នឹងទេ វាអាចលើសពីនោះ ថៃក៏ស្លាប់មនុស្សអាចច្រើន ឯយើងក៏ស្លាប់ដល់ស៊ីសុផុនឯណោះ និយាយគ្នាឱ្យច្បាស់កន្លែងហ្នឹង យើងមិនមែនខ្លាចវ៉ៃទេ ប៉ុន្តែសួរថាវ៉ៃទៅវាបានផលមកវិញអ្វី? បំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសេចក្តីថ្លែងការណ៍សន្តិភាព»។
សម្តេចបានបន្តថា អ្នកទាំងនោះបានតែនិយាយនៅខាងក្រៅប៉ុណ្ណោះ ប៉ុន្តែពួកគេ មិនបានថ្កោលទោសចំពោះអ្នកដែលបានបាញ់ប្រជាជនខ្មែរស្លាប់ និងរបួសនោះឡើយ។
ក្រោយមានករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរ មេដឹកនាំសហរដ្ឋអាមេរិក និងម៉ាឡេស៊ី បានធ្វើកិច្ចអន្តរាគមន៍ផងដែរ។ មេដឹកនាំទាំងពីរ បានពិភាក្សាតាមទូរស័ព្ទជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្តេចបានបញ្ជាក់ថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រេីប្រាស់យន្តការដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិក បានប្រកាសផ្អាក កិច្ចចរចាពន្ធគយជាមួយប្រទេសថៃ រហូតទាល់តែភាគីថៃ អនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាផងដែរ៕








































