សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងឱកាសខួបចម្រើនជន្មាយុ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារលិខិតជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅក្នុងឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុ​របស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលឈានចូលមកដល់នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងសារលិខិតជូនពររបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចនេះថា៖

នៅក្នុងឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុរបស់សម្តេចមហារដ្ឋសភាធិការធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមសម្តែងនូវការអបអរសារទរយ៉ាងកក់ក្តៅ និងក្តីសោមនស្សក្រៃលែងជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី។

ខ្ញុំសូមយកឱកាសនេះ សម្តែងនូវវរោត្តមសម្ភាវកថាចំពោះសម្តេច ដែលបានដឹកនាំរដ្ឋសភាកម្ពុជា សម្រេចបាននូវវឌ្ឍនភាព ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ប្រកបដោយមនសិការស្នេហាជាតិ និងឆន្ទៈខ្ពស់ ដឹកនាំគណៈប្រតិភូកម្ពុជា បញ្ចេញសំឡេងដ៏មោះមុត និងច្បាស់លាស់លើឆាកអន្តរជាតិ ដើម្បីបង្ហាញពីគោលជំហររបស់កម្ពុជា។ ការណ៍នេះគឺជាការរួមគ្នាស្ថាបនា និងរស់នៅក្នុងពិភពលោកមួយប្រកបដោយសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការគោរពច្បាប់អន្តរជាតិ ដែលជាកត្តាកំណត់មិនអាចខ្វះបាន ដើម្បីនាំមកនូវសន្តិភាព ភាពរីកចម្រើន និងសុភមង្គល។ គតិបណ្ឌិតប្រតិបត្តិ និងការលះបង់ដ៏មានតម្លៃរបស់សម្តេច គឺជាគុណសម្បត្តិដ៏ឧត្តមសម្រាប់ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ខ្ញុំសូមជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕