សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារជូនពរសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា្ន ក្នុងឱកាសសិរីមង្គលនៃខួបចម្រើនជន្មាយុរបស់សម្តេច ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។
នៅក្នុងសារលិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារទាំងស្រុងដូចនេះថា៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាចម្រើនជន្មាយុ សម្តេចមហារដ្ឋសភាធិការធិបតី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ក្នុងនាមខ្ញុំផ្ទាល់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមប្រកបដោយសេចក្តីសោមនស្សរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូនសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាភ្លឺថ្លាវាងវៃ មានជន្មាយុយឺនយូរ និងសូមបានទទួលជោគជ័យក្នុងភារកិច្ច ជូនជាតិ មាតុភូមិកម្ពុជា ជារៀងដរាបតទៅ។
ជាមួយគ្នានេះ ខ្ញុំ និងសហការីទាំងអស់ សូមយកឱកាសដ៏វិសេសវិសាលនេះសម្តែងនូវការកោតសរសើរដោយស្មោះ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ដែលជាស្ត្រីថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ពោរពេញទៅដោយគុណធម៌ គតិបណ្ឌិតជ្រៅជ្រះ មានការទទួលខុសត្រូវខ្ពស់ និងបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ជម្នះគ្រប់ឧបសគ្គ ដើម្បីបម្រើផលប្រយោជន៍ជាតិ ប្រកបដោយសមត្ថភាព និងមានគុណតម្លៃខ្ពស់ក្នុងស្ថាប័ននីតិប្បញ្ញត្តិ លើដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាពិសេសបានចូលរួមចំណែកបំពេញភារកិច្ចដ៏ធំធេង ក្នុងស្ថាប័នមនុស្សធម៌ ជួយជ្រោមជ្រែងពង្រឹងនិរន្តរភាពសមាគមជាតិកាកបាទក្រហមកម្ពុជា ផ្តល់នូវដល់ការអភិវឌ្ឍទាំងនៅថ្នាក់កណ្តាល និងសាខា ទទួលបានជោគជ័យជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។
ស្ថិតក្នុងថ្ងៃចម្រើនជន្មាយុដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ព្រមទាំងក្រុមគ្រួសារ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


